រាជធានីភ្នំពេញ ៖ ទោះបីជាបច្ចុប្បន្នវិស័យសិល្បៈមានការវិវត្តន៍ជឿនលឿន ចំណែកអ្នកសិល្បៈគ្រប់ទម្រង់ក៏កើនឡើងកាន់តែច្រើនផងដែរ រហូតត្រូវមានការប្រកួតប្រជែង ដណ្ដើមប្រជាប្រិយភាពពីសំណាក់មហាជន ដើម្បីភាពល្បីល្បាញ និងកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងសង្គម តាមរយៈទេពកោសល្យនានា ក្នុងនោះផងដែរ មហាជនក៏បានចាប់អារម្មណ៍ខ្លាំងទៅលើតារាចម្រៀងលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា ទោះបីជាស្រីស្រស់រូបនេះឈានជើងចូលវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រហាក់កាន់តែស្ទុះខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ មិនអន់ថយសោះ ទោះមានគ្រួសាររួចហើយក៏ពិតមែន។

ជាមួយនឹងការស្រឡាញ់ចូលចិត្ត ពីសំណាក់មហាជនគ្រប់វ័យ ដោយសារទឹកដមសំនៀងពិរោះរណ្ដំ អមដោយភាពរួសរាយរាក់ទាក់ជាមួយគាំទ្រ ម្ចាស់បទ «កាត់ចិត្តបែបណា» តែងទទួលបានការពេញចិត្តថ្លើមពីអ្នកលេងបណ្ដាញសង្គមផងដែរ ព្រោះតារាស្រីរូបនេះ រមែងបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកគាំទ្រ ជាពិសេសតែងតែសុំយោបល់ពីមហាជន ចំពោះសកម្មភាពដែលខ្លួនបានធ្វើជាប្រចាំថ្ងៃ ថាតើសាកសម ឬយ៉ាងណា?

ជាក់ស្ដែងចំណុចសែនល្អប្រពៃ ក៏បានរំលេចឡើងបន្តភ្លាមៗផងដែរ ដោយភ្ជាប់ជាមួយរូបភាពថ្មី រួមនឹងសំណេររៀបរាប់សួរនាំមតិមហាជនថា៖ «មិនសូវពូកែញញឹមប៉ុន្មានទេពេលញញឹមម្ដងៗដូចជាប្លែកៗយ៉ាងម៉េច ចឹងរំខានបងប្អូនជួយមើលបន្តិចហើយ ប្លែកឬក៏មិនប្លែកជួយប្រាប់ផង អរគុណដែលបានមើល.. ជួបគ្នារូបក្រោយទៀត»៕