រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រីល្បីឈ្មោះសម្ដីផ្អែម មាន សូនីតា បានធ្វើការច្រានចោលដំណឹងមានម្ចាស់បេះដូងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអង្គភាពសារព័ត៌មាន តារាញូស៍ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ។ ការប្រកាសបដិសេធថា និងទទួលស្គាល់ថាខ្លួនកំពុងស្ថិតក្នុងជីវិត Single នេះគឺធ្វើឡើងក្រោយការបង្ហោះរូបកាន់ដៃស្និទ្ធស្នាលមួយសន្លឹកក្នុងរថយន្ត ធ្វើឲ្យមហាជនមានចម្ងល់ព្រោះខេបសិនក្នុងន័យជាមនុស្សមានអ្នកថែថា៖ «ត្រូវដឹងណា៎…បើអ្នកធ្លាប់ធ្វើខុសហើយនាងព្រមលើកលែងរាល់ភាពខុសរបស់អ្នកកន្លងមក….គឺមានន័យថា : នាងស្រលាញ់អ្នកខ្លាំង! តែបើថ្ងៃមួយនាងអស់ចិត្តទ្រាំនិងភាពអត់ធ្មត់ នាងក៏ព្រមលែងអ្នកចេញពីនាងបានដូចគ្នា!!»។

បន្តពីសម្ដីប្រកាសខ្លាចមានការយល់ច្រឡំខាងលើតារាស្រីដែលក្ដោបបានតំណែងតួឯកច្រើនរឿងបានប្រាប់ តារាញូស៍ បន្ថែមពីការងារសិល្បៈត្រូវតារារូបនេះសង្កត់ធ្ងន់ថា៖ «មានដែរ តែបែបអនឡាញក្នុងរដូវកូវីដ១៩នេះ ហើយឥឡូវក៏កំពុងត្រៀមថតរឿងថ្មី»។ ក្រៅពីសិល្បៈ មាន សូនីតា បានឲ្យដឹងទៀតថា៖ «ខ្លួនក៏មានរបរតាមអនឡាញដែរលក់ផលិតផល និងមានហាងខោអាវផ្ទាល់ខ្លួន»។

ទន្ទឹមនឹងការងារសិល្បៈ និងមុខរបរកំពុងកាក់កប ឯសកម្មភាពលើហ្វេសប៊ុកក៏ទទួលការគាំទ្រខ្លាំងផងនោះ មាន សូនីតា ក៏នៅបង្ហើបប្រាប់ តារាញូស៍ ថាខ្លួនជិតក្លាយជាថៅកែស្រី ដោយគ្រោងចាយលុយធំទិញសិទ្ធិចែកចាយហាងកាហ្វេល្បីឈ្មោះមួយគឺ «ណ កាហ្វេ»។ ចំពោះទំហំទឹកប្រាក់ដែលត្រូវចំណាយតារាសម្ដែងរាងស្រឡះរូបនេះមិនបញ្ជាក់ច្បាស់ក្នុងតួលេខណាមួយឡើយ គ្រាន់តែប្រាប់ថានឹងបើកនៅម្ដុំទួលទំពូង៕