នៅយប់នេះកម្មពិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol បានរកឃើញម្ចាស់ពានរដូវកាលទី៤ហើយគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ។ ជ័យជម្នះរបស់បេក្ខជនរូបនេះត្រូវបានមហាជន សិល្បករសិល្បការិនីសាទរយ៉ាងខ្លាំង ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ទន្ទឹមនឹងការសាទរយ៉ាងច្រើនកុះករលើជ័យជម្នះរបស់កំលោះតូច លីម តិចម៉េង នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើមហាសេដ្ឋីវ័យម្នាក់ដែលអង្គុយទស្សនាផ្ទាល់ក្នុងស្ទូឌីយោទូរទស្សន៏ហង្សមាស អ៊ីអន សែនសុខ នាយប់មិញនេះ ខណៈក៏មានការវែកញែកជាច្រើនចង់ដឹងពីសាវតា និងមុខមាត់ពិតថា សេដ្ឋីវ័យក្មេងរូបនេះជានរណា? ។
មហាសេដ្ឋីវ័យក្មេងរូបនោះ គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ កូនប្រុសតែម្នាក់គត់របស់ម្ចាស់អគារវឌ្ឍនៈអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ។
តាមការបង្ហើបពីប្រភពស្និទ្ធស្នានឹងក្រុមហ៊ុន វឌ្ឍនៈ បានឲ្យដឹងថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បច្ចុប្បន្នគឺនៅលីវ ដែលទើបតែទទួលបរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រងពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារនៅធនាគារ Allied Irish ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៥ ។
អ្នកឧកញ៉ាជាសហស្ថាបនិក និងភាគទុនិករបស់ធនាគារ វឌ្ឍនៈ តាំងពីឆ្នាំ២០០២, ជាសហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក ។
អ្វីដែលពិសេសមហាសេដ្ឋីវ័យក្មេងរូបនេះ គឺជាម្ចាស់ឧបត្ថម្ភផ្តាច់មុខកម្មវិធីប្រឡងចម្រៀងលំដាប់លោក Cambodian Idol រដូវកាលទី៤នេះ ៕