រាជធានីភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កាលពីម្សិលមិញនេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី ដែលកំពុងសិក្សាស្រាវជ្រាវ និងចងក្រងឯកសារ ស្តីពីរបាំព្រះរាជទ្រព្យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

នៅក្នុងកិច្ចសំណាលនេះ លោកគ្រូ អ្នកគ្រូ បានសរសើរដល់ទឹកចិត្ត និងស្មារតីស្រឡាញ់ គាំទ្រ និងចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរពីសំណាក់យុវជន ស.ស.យ.ក. តាមរយៈ កម្មវិធីជាច្រើនដែលបានរៀបចំកន្លងមក ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹតិ្តការណ៍ក្បួនដង្ហែឈីងហ្គេ និងកម្មវិធីជាច្រើនទៀតរួមជាមួយការគាំទ្រលើការតម្លើងស្នាដៃថ្មីៗ ដែលមានដូចជា រឿងព្រះមហាវេសន្តជាតកជាដើម។

ក្នុងជំនួបសំណេះសំណាលនេះ លោកសាស្ត្រាចារ្យ ព្រឿង ឈាង វីរៈសិល្បករឆ្នើមរបស់កម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីបានធ្វើសកម្មភាពការងារជាមួយគ្នាកន្លងមក ពួកគាត់យល់ថា ស.ស.យ.ក. តែងគាំទ្រ និងផ្តល់តម្លៃដល់ការងារ និងស្នាដៃដែលពួកគាត់បានធ្វើ ហើយនេះជាការលើកទឹកចិត្តដ៏ពិសេស និងខ្លាំងក្លា ពួកគាត់មានគ្រួសារធំមួយទៀត ជាមួយ ស.ស.យ.ក.។ លោកសាស្រ្តាចារ្យក៏បានបន្ដែមផងដែរថា យើងខ្ញុំនឹងបានស្ងប់ចិត្ត នៅពេលដែលបានឃើញយុវជនបន្តវេនដែលជាម្ចាស់វប្បធម៌របស់យើងចេះខ្វល់ខ្វាយ ចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍកេរមរតកដូនតាយើង៕