រាជធានីភ្នំពេញ ៖ មុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ផលិតកម្ម Galaxy ដែលម្ចាស់ដោយលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះបទចម្រៀងថ្មី រួមជាមួយការប្រកាសជាផ្លូវការថា កំពូលតារាចម្រៀងជ្រកក្រោមផលិតកម្មថោនលោក ខេម ពេលនេះបានផ្លាស់ប្តូរទ្រនំថ្មីចូលផលិតកម្ម Galaxy ហើយដោយបញ្ជាក់ជាមួយសំណេរថា៖ «សូមស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេម មកកាន់គ្រួសារ Galaxy Navatra រីករាយស្តាប់កម្សាន្តបទ ” សុំមួយពេលមក ” ឆ្លើយឆ្លងដោយ ខេម & តន់ ចន្ទសីម៉ា»។

ជាមួយសេចក្ដីប្រកាសនេះដែរ ក៏ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រសង្កេតឃើញថា ផលិតកម្មថោនបានបាត់បង់កំពូលតារាចម្រៀងចំនួនពីររូបទៅហើយត្រឹមមួយពព្រិចភ្នែក ខណៈកាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះ តារាចម្រៀងស្រី មាស សុខសោភា ក៏បានប្រកាសទាំងដ៏តានតឹងថា សម្រេចចាកចេញពីទ្រនំចាស់ជាង ១០ឆ្នាំ ហើយចូលទៅកាន់ផលិតកម្ម CamTrax ដែលជាក្រុមហ៊ុនរបស់ខ្លួនផ្ទាល់តែម្ដង៕