រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ នេះ ជាថ្ងៃគម្រប់ខួបពីរឆ្នាំនៃការបំបែក កំនត់ត្រាឯតទគ្គកម្ម ដោយការត្បាញក្រមាប្រវែងវែងជាងគេលើពិភពលោក ដែលមានប្រវែង ១០០០ម៉ែត្រ ដោយមានបញ្ជាក់លើទំព័រហ្វេសប៊ុក GoGoCambodia ថា៖ «ផ្តើមចេញពីការគិត យើងបានតាំងចិត្តឲ្យចេញជាសកម្មភាព ហើយបានបង្កលទ្ធភាពដើម្បីសម្រេចជាសមិទ្ធផលមួយសម្រាប់ប្រជាជាតិកម្ពុជា ដោយប្រជាជនកម្ពុជាក្រោមស្មារតី #ជឿថាខ្មែរធ្វើបាន អបអរសាទរខួបលើកទី២ នៃការបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ – ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០»។

គួររម្លឹកផងដែរថា កម្មវិធីមួយនេះបានផ្តួចផ្តើមឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា៖ «ជឿថាខ្មែរអាចធ្វើបាន» ដោយបានជ្រើសរើសទីតាំងវាលព្រះមេរុក្បែរព្រះបរមរាជវាំង សម្រាប់រៀបចំឲ្យមានការត្បាញក្រមាខ្មែរ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។

ជាមួយគ្នានេះ ចំពោះការត្បាញក្រមាត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេក៏សព្វព្រះរាជហឫទ័យ ស្ដេចយាងចូលរួមត្បាញក្រមាវែងជាងគេលើ ពិភពលោក រួមទាំងថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមត្បាញ រហូតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ។

ខ្មែរយើងក៏អាចធ្វើបានដោយទទួលបានការ បំបែកឯតទគ្គកម្មពិភពលោកក្រមាវែងជាងគេបង្អស់ (Guinness World Records) ក្រោមសម្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ចំពោះសមិទ្ធផលថ្មីមួយដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ។ នេះជាមោទនភាព ជាកិត្តិយសជាតិថ្មីមួយទៀត ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង៕