រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះ វី ឌីណែត ដែលត្រូវមហាជន​ស្គាល់យ៉ាងច្បាស់ដូចថ្ងៃ​ក្រោយសមត្ថភាព​ និងទេពកោសល្យ​ផ្នែកសិល្បៈ​ ពិសេស​ទឹកដម​សម្លេង​ពីរោះ​ខ្លាំង​មិនចាញ់ឪពុក​គឺលោក ហួរ ឡាវី ឡើយ ខណៈ​ទីផ្សារសិល្បៈ​ត្រូវតារាចម្រៀងស្រីរូបនេះ​បញ្ជាក់ប្រាប់ តារាញូស៍ ដឹងថ្ងៃនេះ​ថា​មមាញឹកខ្លាំង​ជាមួយផលិតកម្ម​ហង្សមាស ស្របពេល​ដែល​រូបនាង​ក៏កំពុងត្រៀមខ្លួន​យ៉ាងល្អ​ដើម្បីប្រកួត​ប្រជែង​ក្នុងកម្ម​វិធី​ I Am a Singer Cambodia រដូវកាលទី 2 ដែលរៀបចំឡើង​ដោយទូរទស្សន៍ហង្សមាស​ផ្ទាល់​តែម្ដង។

ងាកពីការងារសិល្បៈ​បន្តិច​ពេលអ្នកយក​ព័ត៌មាន តារាញូស៍ សាកសួរ​រឿង​ផ្ទាល់ខ្លួន​ក្រោយ​គេសង្កេតឃើញ​ វី ឌីណែត ដាក់​ចំណង​មិត្តភាព​ (Relationship) ជាសាធារណៈ​ជាមួយ​អ្នកលេងហ្វេសប៊ុក និង​លក់ផលិតផល​ដ៏ល្បីឈ្មោះគឺ ប៉ីប៉ីឌី ដែល​ទូទៅការដាក់នេះ​គឺក្នុងន័យ​ចំណងស្នេហ៍ ប៉ុន្តែ​​តារាចម្រៀងវ័យ​២៣ឆ្នាំ​ វី ឌីណែត ថា​៖ «មិនមែនស្នេហាអីទេ ដោយសារមានទំនាក់ទំនង​​ជាមិត្តភក្ដិជិតស្និទ្ធ​ទើប​ដាក់តែម្ដង ហើយក៏មា​នការ​យល់​​ច្រឡំ​​ជាច្រើន​ផងដែរ»។

ចំពោះការយល់ច្រឡំនេះ វី ឌីណែត ដែលកំពុងរះត្រដែត​លើទ្រនំហង្សមាសប្រាប់ តារាញូស៍ ទៀតថា៖ «ដូច​ជាមិ​នខ្វល់ព្រួយទេ ព្រោះបច្ចុប្បន្ន​មិនរវីរវល់​ស្នេហាផង អត់ទាន់ចង់រឿង​ស្នេហាទេ ប៉ះពាល់ការងារ បើមានមួយ និងខ្វះមួយ»។ បន្ថែមលើ​នេះ​ម្ចាស់បទ «ខ្ញុំលែងត្រូវការស្នេហា​» បាន​សង្កត់ធ្ងន់ថា៖ «អ្នកយល់ច្រឡំក៏មាន​ អ្នកមិនជឿក៏មាន​ប៉ុន្តែជាក់ស្ដែងនាង និងប៉ីប៉ីឌី គ្រាន់តែជាមិត្តដែលជិតស្និទ្ធប៉ុណ្ណោះ ម្យ៉ាង​ការតាំងចិត្ត​គិតរឿងការងារសិន រឿងគូស្រករ​អីប្រហែលវ័យ​ជាង​៣០ទើប​យក ព្រោះជាប់ដៃ​ជាមួយ​ការងារ​»៕