រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា ដែលថ្មីៗនេះនាងទើបតែបានកូនប្រុសជាទីស្រលាញ់ម្នាក់ ខណៈជារឿយៗនាងតែងបង្អួតជីវិតឡូយឆាយលើបណ្ដាញសង្គមក្រោមការកោតសរសើរពីសំណាក់អ្នកគាំទ្រផងដែរ តែមុននេះនាងក៏បានបង្ហោះ​សា​រយ៉ាងចាក់ដោតបែបដាស់តឿនស្មារតីថា ៖

«យើងមិនអាចទៅហាមមាត់គេមិនអោយនិយាយពីយើងបានទេតែយើងអាចហាមខ្លួនឯងបានកុំអោយទៅខ្វល់ពីសម្ដីដែលគ្មានប្រយោជន៍ ដរាបណាយើងមិនអាចរាប់ចំនួនសរសៃសក់នៅលើក្បាលរបស់យើងបានអស់ទេ»។ តារាចម្រៀងស្រីក្នុងទ្រនំហង្សមាសម្ចាស់បទ «តាមដាន» ក៏បានបន្តពន្យល់យ៉ាងក្បោះក្បាយបង្កើនគំនិតឈប់គិតរឿងអត់ខ្លឹមសារបន្ថែមទៀតថា៖

«យើងក៏មិនអាចដឹងពីខ្លួនយើងច្បាស់នោះដែរ ចុះទម្រាំយើងនិយាយពីរឿងគេ ទាំងដែលមិនស្គាល់ ហើយគ្រាន់តែស្ដាប់មកពីគេ ហើយយើងក៏ធ្វើតាមគេ វាមិនខុសអី ដូចយើងល្ងង់ដែលងាយស្រួលអោយគេបោក ឬបង្វិលក្បាលបានតាមចិត្តគេតែប៉ុណ្ណាះ រៀនយល់ រៀនគិត រៀនពិចារណា នោះយើងនឹងមើលឃើញពីពិភពលោកមួយនេះ គេខឹង គេស្អប់ ក៏តាមតែចិត្តគេទៅ អ្វីដែលសំខាន់យើងកុំទៅធ្វើតាមគេ ព្រោះក្ដីសុខផ្លូវចិត្តមិន​មែនជាគេដែលមកទទួលជំនួសយើងនោះទេ អានសៀវភៅ សាង កម្លាំងចិត្ត លោកគ្រូ រាល់យប់មុនពេលគេងហើយក៏លួចតែងមកខ្លះៗ ទុកគ្រាន់អានខ្លួនឯង” ៕