រាជធានីភ្នំពេញ ៖ ពិធីការិនីសម្លេងពិរោះសាច់សខ្ចីម៉ដ្ឋរលោង ស្រស់ស្អាតបែបធម្មជាតិគ្មានកែកុនកញ្ញា ហ៊ិន ចាន់និរ័ត្ន ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីមហាជនទៅលើទេពកោសល្យ និងរូបរាង ពណ៌សម្បុរសចាំងដូចបណ្ដូលចេក និងជាទីគយគន់របស់កន្លង់ទាំងពួង ជាពិសេសទោះបីជា នាងមានវ័យចូល ៣០ឆ្នាំទៅហើយមែន ប៉ុន្តែស្រីស្រស់រូបនេះនៅតែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ។

អ្វីដែលកាន់តែធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ទោះបីជាបច្ចុប្បន្នស្រីស្រស់រូបនេះមានវ័យជ្រេទៅហើយ ប៉ុន្តែនាងបែរជាមិនទាន់មានគូគាប់ទ្រនាប់ចិន្តានៅឡើយ ពោលគឺមិនដែលមានលេចលឺដំណឹងថាមានគូស្នេហ៍ ឬជំពាក់ចិត្តជាមួយបុរសណាសោះ ប៉ុន្តែស្រាប់តែមុននេះបន្តិច ពិធីការិនីសម្លេងផ្អែមរូបនេះ បានធ្វើឲ្យគាំទ្រភ្ញាក់ផ្អើល ស្ទើរស្មានមិនដល់ ខណៈនាងបានបង្ហោះសារខ្លីបង្ហើបដំណឹងចូលរោងជ័យក្ដៅៗតែម្ដង។

ពិធីការិនីទូរទស្សន៍បាយ័ន និងជាតារាសម្ដែងរូបនេះបានបង្ហើបឲ្យដឹងដំណឹងបែបនេះថា៖ «ឆ្នាំនឹងអត់ទាន់ការ ព្រោះកូវីដ ចាំឆ្នាំក្រោយ»។ សំណេរនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាបុរសៗជាច្រើនបានចោទឡើងជាសំនួរថាតើនេះជាការពិត ឬយ៉ាងណា? តែសាមីខ្លួនពុំបានចូលឆ្លើយឆ្លងឡើយ ដោយត្រឹមទុកឲ្យមានមន្ទិលប៉ុណ្ណោះ ស្របពេលមានការអបអរ និងជូនពរជាហូរហែផងដែរ៕