រាជធានីភ្នំពេញ ៖ កាលពីពេលកន្លងទៅរូបថតពីកុមារភាពកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀងចាស់វស្សាលោក ព្រាប សុវត្ថិ បានលេចឡើងលើបណ្ដាញសង្គម បន្តទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង ពីសំណាក់អ្នកគាំទ្រ ឲ្យលាន់មាត់ស្ទើរគ្រប់គ្នាថា កាលពីតូចគួរឲ្យស្រឡាញ់បែបកូនក្មេង តែពេលលូតលាស់ប្រែជាកម្លោះរូបរាងសង្ហា គឺប្លែកខ្លាំងតែម្ដង ខណៈជារឿយៗក្រុមគ្រួសាររបស់លោក ព្រាប សុវត្ថិ តែងបង្ហាញនូវក្ដីសុខយ៉ាងពេញលេញគួរយកគម្រូតាមដ្បិតមិនដែលលេចឮអាស្រូវណាមួយឡើយ ដែលស័ក្ដិសមជាកំពូលតារាចម្រៀងប្រចាំប្រទេសពិតមែន។

ជាការកត់សម្គាល់បើទោះបីជាកូនកម្លោះសង្ហាទាំងបីរបស់លោក ព្រាប សុវត្ថិ ទើបតែប្រឡូកក្នុងវិស័យសិល្បៈតាមគន្លងរបស់ឪពុកក៏ពិតមែន ប៉ុន្តែពួកគេបានអន្ទងយកភាពល្បីល្បាញ និងប្រជាប្រិយភាពច្រើនសន្ធឹកសន្ធាប់ពីមហាជនផងដែរ ដោយសារសមត្ថភាពដ៏ប៉ិនប្រសព្វ អមជាមួយទឹកដមសំនៀងពិរោះមិនចាញ់ឪពុក ទន្ទឹមអំណោយផលរូបរាងខ្ពស់ស្រឡះសង្ហាមានមន្ដស្នេហ៍ ទាក់ចិត្តអ្នកគាំទ្រឲ្យលង់ស្រឡាញ់ពេញចិត្តផងដែរ៕