រាជធានីភ្នំពេញ ៖ ថ្មីៗនេះពិធីករពិធីការិនីក្នុងកម្មវិធី ពេញចិត្ត ឬអត់ របស់ស្ថានីយទូរទស្សន៍ My TV ត្រូវបានអគ្គនាយិការរងនៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានចេញមុខប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានប្រើប្រាស់ពាក្យសម្ដីចំអន់លេងសើច ហាក់ប្រមាថ និងមិនឲ្យតម្លៃ ស្ថាប័នទូរទស្សន៍ជាតិកម្ពុជា។

ទន្ទឹមនឹងនោះ ពិធីការិនីជើងចាស់នៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Leakena Or បានចេញសាររៀបរាប់បង្ហាញអារម្មណ៍មិនពេញចិត្តថា៖ «ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់MYTV យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណៈចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ.

១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ) ២/ពិធីការិនី និយាយ និង សំលេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ? រួមទាំងសំលេងសើចបានន័យថាម៉េច?)។ យ៉ាងណាមិញ ប្រភពដដែលបានបន្តថា៖ «ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុស ឆ្គងនោះទេ តែបទពិសោធន៏ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការិនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការិនីត្រូវតែ : ប្រុងប្រយ័ត្នរាល់ពាក្យពេចន៍និយាយស្តីចេញ មកត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់ម៉ឺននាក់ក្នុងពេលតែមួយ ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៍ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២ ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវអោយច្បាស់ មុននិងនិយាយឬបង្ហាញ»។

ប្រភពបន្តទៀតថា៖ «ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយសង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស » ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធរបស់គេ សូមអរគុណ»៕