រាជធានីភ្នំពេញ ៖ ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី​បានបង្ហាញ​នូវការ​ខកចិត្ត​យ៉ាងខ្លាំង​នាព្រឹក​ថ្ងៃទី៣១ ខែ០៧ ឆ្នាំ២០២០ ក្រោយទៅទទួលសេវាកម្ម​ពីច្រកចេញចូលតែមួយ​របស់​ខណ្ឌមួយក្នុងរាជធានីភ្នំពេញ​ដោយឯកឧត្តម​បាន​បញ្ជាក់​ឲ្យដឹង​លើ​ទំព័រហ្វេសប៊ុកថា៖ « អរគុណ​សន្តិភាព មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម​ សំបុត្រកំណើត​ សំបុត្រអាពាហ៍ពិពាហ៍​ និងអត្ត​សញ្ញាណប័ណ្ណ​នៅច្រកចេញចូលតែមួយ​ របស់ខណ្ឌមួយ​ នៅភ្នំពេញ»។

ឯកឧត្តម​បាន​បន្តសង្កត់ធ្ងន់​ពី​ភាព​មិនសកម្មការងារ​ទៀតថា៖ «ខ្ញុំពិតជាខកចិត្ត និងសោកស្តាយ​ចំពោះ​សេវាកម្ម​​បម្រើ​ប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់​ និងមិនបានបង្ហាញខ្ញុំអោ​យច្បាស់ថា​ត្រូវទៅតុណាមួយ​…ជួបអ្នកណា…។ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង​ ត្រូវមានសមត្ថភាពសុជីវធម៌​ និងគុណធម៌ក្នុងខ្លួនហើយមានបេះដូងថ្លើមប្រម៉ាត់រីករាយក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ»។

ចុងបញ្ចប់នៃសំណេរ​ឯកឧត្តម ដួង តារា ដែលកំពុងមមាញឹក​ និងសកម្មក្នុងការដោះស្រាយវិវាទនានា​ជូនប្រជាពលរដ្ឋ​ស្របតាម​នយោបាយឈ្នះឈ្នះរបស់សម្ដេច​តេជោ​បាន​បន្ថែមថា៖ «យើងចូលរួមកសាង​អំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្ត​អាណិតស្រឡាញ់ពលរដ្ឋយើង​គ្រប់ទីកន្លែង»៕