រាជធានីភ្នំពេញ៖ មុននេះ តារាសម្ដែងជើងចាស់អ្នកស្រី ប៉ែន សុផានី បានបង្ហោះដំណឹងដ៏សែនក្រៀមក្រំជាទីបំផុត ខណៈអ្នកម្ដាយជាទីស្រឡាញ់ទទួលមរណភាពហើយ នៅវេលាម៉ោង ១១៖ ៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយសារជំងឺមហារីកស្បូន ក្រោយសម្រាកព្យាបាលអស់រយៈពេលប្រមាណជាង ១០ឆ្នាំ ។

នៅក្នុងជំនួបតាមរយៈទូរស័ព្ទជាមួយសារពត៌មាន តារាញូស៍ អ្នកស្រី ប៉ែន សុផានី បានបញ្ជាក់ឲ្យដឹងទាំងក្ដុកក្ដួលថា« អ្នកម្ដាយរបស់គាត់មានជំងឺមហារីស្បូនរយៈពេលជាង ១០ឆ្នាំហើយ ប៉ុន្តែដោយសារតែជំងឺនេះធ្លាក់ដល់ដំណាក់កាលចុងក្រោយមិនអាចព្យាបាលបាន រហូតដល់រយៈពេលមួយឆ្នាំចុងក្រោយស្ថាន់ភាពជំងឺរើឡើងខ្លាំង រហូតតម្រូវឲ្យចាក់គីមី តែអកុសលពេលនេះគាត់បានទទួលមរណភាពហើយ » ។

ទន្ទឹមនឹនោះ តារាជើងចាស់រូបនេះបានបញ្ជាក់បន្ថែមថា «ពិធីបុណ្យសពប្រារព្ធធ្វើឡើងនៅផ្ទះរបស់អ្នកស្រីផ្ទាល់ ដែលមានទីតាំងក្បែរ សាលាភូមិន្ទរដ្ឋបាល» យ៉ាងណាមិញ ចំពោះមរណទុក្ខដ៏សោកសៅនេះ គេក៏ឃើញមានអ្នកសិល្បៈប្រុសស្រីជាច្រើនរូបបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕