រាជធានីភ្នំពេញ៖ ត្រឹមតែរយៈពីរថ្ងៃប៉ុណ្ណោះ តារាសម្ដែងល្បីឈ្មោះពីររូប ត្រូវជួបទុក្ខធំដូចគ្នា ខណៈអ្នកមានគុណជាទីស្រឡាញ់ទទួលមរណភាពបន្តគ្នា ដែលនេះជារឿងរ៉ាវដ៏សោកសង្រេងជាទីបំផុតក្នុងរង្វង់សិល្បៈ មិនគួរណាត្រូវបាត់បង់សមាជិកគ្រួសារបន្តបន្ទាប់គ្នាបែបនេះសោះ។ ១.តារាសម្ដែងជើងចាស់អ្នកស្រី ប៉ែន សុផានី ជួបទុក្ខម្ដាយទទួលមរណភាពកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយសារជំងឺមហារីកស្បូន ក្រោយព្យាបាលអស់រយៈពេលជាង ១០ឆ្នាំ បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានអ្នកស្រីផ្ទាល់ ដែលមានទីតាំងក្បែរក្រសួងមហាផ្ទៃ។

២.តារាសម្ដែងកញ្ញា ទឹម រដ្ឋា ជួបទុក្ខធំម្ដាយជាទីស្រលាញ់លាចាកលោក នៅយប់រំលងអធ្រាត្រថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ឈានចូលថ្ងៃទី១ សីហា ដោយសារតែគាំងបេះដូង ដែលនេះជាការចាកចេញយ៉ាងឆាប់រហ័សស្ទើរស្មានមិនដល់ផងដែរ ក្រោមការចូលរួមរំលែកទុក្ខពីសំណាក់អ្នកសិល្បៈដូចគ្នាជាច្រើន៕