រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០​នេះ​អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក​បាន​បង្ហាញ​នូវការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយរូបភាពជាច្រើន​សន្លឹក​បានបង្ហោះឡើង​ស្ដីពីរូបភាព​ចូលរោងជ័យ​រវាង​តារាសម្ដែងស្រីល្បីទឹកភ្នែក​យំបានគ្រប់ពេល នី មុន្នីនាថ និងតារាសម្ដែង​លេងកម្ពស់សាច់សលោក ប៊ឺរី ។

លើ​ទំព័រហ្វេសប៊ុក​របស់ នី មុន្នីនាថ បាន​បង្ហោះ​ដោយរូបភាពយ៉ាងសមសួន​គូគាប់ទ្រនាប់ជីវិត​រួម ប៊ឺរី ដោយសំណេរ​គួរទុកចិត្តថា៖ «បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ម៉ោះមក​ចង​ដៃ​ខ្ញុំ​ចា»។ ជាមួយគ្នានោះ​លើ​ហ្វេសប៊ុក​របស់​លោក ប៊ឺរី ក៏បានធ្វើឲ្យមហាជន​ភ្ញាក់ផ្អើល​ដូចគ្នា​តាមរយៈការបង្ហោះរូប​ដោយខ្លឹមសារ​សំណេរថា៖ «ថ្ងៃនេះការខ្លួនឯង ស្អែកការបងស្រីម្តង»។

ក្រោយឃើញ​បែបនេះ​ក៏មានការ​ជជែក​សួរ​ពី​អ្នកគាំទ្រ​ ថាតើជាការពិត​ ឬយ៉ាងណា ដ្បិត​ធ្លាប់ឆ្លើយប្រាប់​កិច្ចសម្ភាសន៍ជាមួយ តារាញូស៍ កន្លងទៅ នី មុន្នីនាថ ថាមិនយកអ្នកសិល្បៈដូចគ្នាឡើយ។

យ៉ាងណាក្ដីក្រោយមន្ទិល​នេះបានកើតឡើងភ្លាមៗ នី មុន្នីនាថ ក៏បានបញ្ជាក់ឲ្យ តារាញូស៍ ដឹងតាមទូរស័ព្ទ​យ៉ាងស្វាគមន៍បំភ្លឺថា៖ «អត់រៀបការអូន ការពិតថតរឿងថ្មីទេតើ គឺថត​ឲ្យភីអិន​អិន»។ បន្តសម្ដី​ប្រាប់ការពិត​ឥត​ឲ្យមហាជនសង្ស័យ​នេះ​ មុន្នីនាថ ថាសុំលាក់ចំណងជើងរឿងសិនចាំមើល​ពេលចេញផ្លូវការ​សិន តែ​ក៏សូមកុំឲ្យបងប្អូនមានការភ័ន្ដច្រឡំ​ឡើយ៕