រាជធានីភ្នំពេញ ៖ ខណៈជិតដល់ពេលកំណត់សម្រាលកូនប្រុសដំបូងនារីពូកែខាងទ្រឹស្ដីអប់រំ ផ្ដល់ដំបូន្មាន និងលើកទឹកចិត្ត DJ Nana ទទួលបានការមើលថែទាំយ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ពីសំណាក់ស្វាមី ជាពិសេសចេញទៅធ្វើការម្តងៗតែងតែមានវត្តមានស្វាមីរបស់នាង ទៅតាមគ្រប់ជំហាន ដែលសកម្មភាពជាប្ដីល្អនេះ ត្រូវបានមហាជនជាច្រើនពោលកោតសរសើរពីភ័ព្វសំណាងរបស់នាងមានស្វាមីចេះយល់ទុក្ខធុរៈរាក់ជ្រៅបែបនេះ។

ខណៈពេលដែលជីវិតគូហាក់សមប្រកប និងមានសុភមង្គលដ៏ត្រចះត្រចង់ធ្វើឲ្យគេឯងច្រណែននេះ ពិធីការិនីពូកែទ្រឹស្ដីលើកទឹកចិត្តរូបនេះក៏បានបានឆ្លៀតបង្ហោះសំណេរដាស់តឿនដល់នារីគ្រប់រូប ឲ្យព្យាយាមសង្កេតឲ្យច្បាស់មុនសម្រេចចិត្តជ្រើសរើសគូជីវិតដោយពាក្យពេចន៍ថា៖ «ចាំណាក្រមុំៗ! យើងជ្រើសរើសប្តីបាន តែកូនយើងជ្រើសរើសឪពុកមិនបានទេ កុំតាមតែបេះដូងខ្លួនឯងមួយប្រាវ សុខចិត្តមើលឲ្យយូរ វិភាគឲ្យច្រើន …ជួយជ្រើសរើសឪពុកល្អម្នាក់ឲ្យកូនយើងផង»។

សំណេរបែបចែករំលែកបទពិសោធន៍ជីវិតពិតជួបទទួលដោយខ្លួនឯងនាពេលនេះ ហាក់ប្រទះនូវការគាំទ្រយ៉ាងពេញទំហឹងសឹងរកអ្នកប្រកែកថាអត់ត្រូវគ្មានឡើយ ស្របពេលដែលមានស្រ្តីមិនតិចទេដែលចង់បានជីវិតដ៏ឥតខ្ចោះរកចន្លោះប្រហោងឈ្លោះគ្នាមិនឃើញបែបនេះ៕