រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះតារាសម្ដែងស្រីកូនមួយ ផាន់ ផាត់ណា បានជួបរឿងព្រឺសម្បុរមួយ ខណៈត្រូវបានវិញ្ញាណម្ចាស់ផ្ទះចូលសណ្ឋិតជាងមួយម៉ោង ក្នុងកំឡុងពេលថតរឿងថ្មីដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមការងារ ដោយបញ្ជាក់តាមរយៈវីដេអូដែលបង្ហោះដោយ ផលិតករលោក ជា ឈីម ថា៖ «ក្រុមការងារTV5រឿងទឹក និងប្រេងកំពុងថតស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់កថាថនឈុំមកលេងក្រុមការងារ»។

យ៉ាងណាក្ដីក្រោយជួបរឿងរ៉ាវភ័យខ្លាចស្ទើរលស់ព្រលឹងជាលើកដំបូងក្នុងឆាកជីវិតតារាសម្ដែងសម្ផស្សគាប់នេត្រា ផាន់ ផាត់ណា បានថ្លែងបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួន និងកាន់តែជឿលើអបិយជំនឿឲ្យមហាជនដឹងលើហ្វេសប៊ុកផេកខ្លួនថា៖ «មានជំនឿតែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនអែងបែបនេះ កាន់តែធ្វើអោយខ្ញុំមានជំនឿ និងជឿកាន់តែខ្លាំង»។

ហេតុការណ៍គួរឲ្យខ្លាចនេះត្រូវបានអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល ព្រមទាំងបង្ហាញអារម្មណ៍ព្រឺក្បាលហាក់ដឹងរឿងរ៉ាវប្រវត្តិផ្ទះថា៖ «ម្ចាស់ដំណាក់គាត់យាងមកលេងគាត់ពេលយប់ធ្លាប់តែស្ងាត់យប់ហ្នឹងអ៊ូអរ រឿងមានពិតៗមែន មិនប្រឌិតទេ សែនព្រេនមិនត្រូវប៉ះពាល់កន្លែងមិនគួរ»៕