រាជធានីភ្នំពេញ ៖ ក្រោយតារាចម្រៀងលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា រួមនិងស្វាមី បានទៅសួរសុខទុក្ខទារិកាកម្សត់ដែលត្រូវឪពុកម្ដាយចិត្តអប្រិយយកទៅបោះចោលលើគំនរសម្រាមស្អុយរលួយដោយបាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់សម្រាប់ទារិកាមួយចំនួនផងនោះ បានធ្វើឲ្យមហាជនផ្ទុះការកោតសរសើរពីទឹកចិត្តសប្បុរស និងភ័ព្វសំណាងរបស់ទារិកាកម្សត់ដែលអាចមានជីវិតរស់រាន ជាពិសេសទទួលបានការយកចិត្តទុកដាក់ និងអាណិតស្រឡាញ់ពីសំណាក់សប្បុរសជនជាច្រើន ក្រៅពីទទួលបានម្ដាយឪពុកថ្មីសម្រាប់បីបាច់បន្ត។

ជាមួយគ្នានោះក្រោយជំនួបផ្ទាល់យ៉ាងយកចិត្តទុកដាក់ និងកក់ក្ដៅពីសំណាក់ម្ចាស់បទ «កាត់ចិត្តបែបណា» ក៏មានមហាជនជាច្រើនជូនពរឲ្យអនាគតទារិកា ធានី ឲ្យទទួលនូវក្ដីសុខ សុភមង្គលល្អប្រសើរជៀសផុតពីរឿងរ៉ាវលំបាកនានា ខណៈពូឈីវ ដែលជាឪពុកធម៌ក៏រំពឹងកូនក្លាយជាតារាចម្រៀងល្បីដោយបញ្ជាក់ក្នុងសំណេរថា៖ «អនាគតអូនធានី អាចក្លាយជាអ្នកចម្រៀងដូចអ្នកមីងកញ្ញា»។ ក្រៅពីឪពុកធម៌អ្នកប្រើប្រាស់បណ្ដាញសង្គមក៏សង្ឃឹមយ៉ាងមុតមាំខ្សែជីវិតនាងតូចនឹងប្រែក្លាយជាតារាចម្រៀងល្បីឈ្មោះតាមគន្លងអ្នកនាង ឱក សុគន្ធកញ្ញា ផងដែរ៕