តារាសម្ដែងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បានយកអាហារចែកជូនតាៗស៊ីក្លូជាច្រើននាក់នៅម្ដុំវត្តឧណ្ណាឡោមកាលពីយប់មិញ ។ ទង្វើនេះបានធ្វើឱ្យមហាជនជាច្រើនពោលសរសើរ ដ្បិតបើទោះជាស្ថានភាពរបស់លោកនៅពេលនេះហាក់មិនដូចពីមុនក្ដី តែលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា មានចិត្តចែករំលែកសទ្ធាបន្តិចបន្តួចរបស់ខ្លួនជូនដល់តាៗស៊ីក្លូ ។
លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា មួយរយៈចុងក្រោយនេះត្រូវបានគេសង្កេតឃើញថា មិនសូវសកម្មលើអាជីពសិល្បៈឡើយ ។ ប៉ុន្តែស្របពេលកំពុងស្ងប់ស្ងាត់នេះតារាសម្ដែងរូបនេះស្រាប់តែបង្ហាញខ្លួនជាមួយសកម្មភាពមនុស្សធម៌ ដោយបានយកទានទៅចែកជូនលោកតាស៊ីក្លូជាច្រើននាក់នៅម្ដុំវត្តឧណ្ណាឡោមកាលពីយប់មិញ ដែលធ្វើឱ្យមានការសរសើរយ៉ាងខ្លាំង ។
ថ្លែងនៅលើបណ្ដាញសង្គមតារាសម្ដែងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បាននិយាយថា សទ្ធាបន្តិចបន្តួចរបស់ខ្លួនមានចំពោះលោកតាស៊ីក្លូនោះគឺនៅពេលដែលលោកបានបញ្ចប់ពីការងារ ហើយទង្វើមនុស្សធម៌នោះបានធ្វើឱ្យលោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានឃើញស្នាមញញឹមរបស់លោកតាស៊ីក្លូ ។ លោកនិយាយថា «ចេញពីថតភ្លាមក៏មានរបស់បន្តិចបន្តូចមកចែករំលែកឱ្យលោកតាស៊ីក្លូនៅម្តុំវត្តឧណ្ណាឡោម ដូចជានំបុ័ងនឹងទឹកសុទ្ធជូនគាត់ពិសា ពិតជាមានអារម្មណ៍សប្បាយចិត្ត ទោះតិចក្តីក៏ដោយនេះជាទឹកចិត្តរបស់ខ្ញុំ» ។
សូមបញ្ជាក់ថា បន្ទាប់ពីបានស្ងប់ស្ងាប់មួយរយៈពេលខ្លី ពេលនេះលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បានកំពុងត្រៀមខ្លួនវិលត្រឡប់ចូលប្រឡូកលើវិស័យសិល្បៈជាថ្មីហើយ ដោយលោកបានបញ្ជាក់ថា លោកអាចចាប់ផ្ដើមបង្កើតក្រុមផលិតដោយខ្លួនេងនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានោះ លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ក៏ទទូចសុំឱ្យមហាជនបន្តការគាំទ្រផងដែរ ៕