ប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយវីដេអូស្និតស្នាលមួយរវាងអ្នកនាង ទ្រីញ ផល្លា និងបុរសជនជាតិស្បែកខ្មៅម្នាក់ ធ្វើឱ្យមានមន្ទិលសង្ស័យជាច្រើនថា អ្នកមេម៉ាយកូនមួយរូបនេះទំនងកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយនឹងបុរសស្បែកខ្មៅខាងលើ ក្រោយមានរឿងចម្រូងចម្រាស់ចែកផ្លូវគ្នាពីអែតមីន ជីងចក់ ។
យ៉ាងណាក្រោយវីដេអូត្រូវបានបង្ហោះ និងមានមតិជាច្រើនបានលើកឡើងក្នុងន័យចំអកមួយចំនួនផង អ្នកនាង ទ្រីញ ផល្លា ក៏បានចេញមុខបញ្ជាក់លម្អិត ដែលមានអត្ថន័យខ្លឹមសារផ្ទុយស្រឡះពីការលើកឡើងរបស់មហាជនទាំងស្រុង ពោលគឺអ្នកលក់អនឡាញល្បីឈ្មោះរូបនេះបានអះអាងថា រូបភាពស្និតស្នាលរវាងខ្លួន និងបុរសជនជាតិស្បែកខ្មៅខាងលើគឺគ្រាន់តែជាទំនាក់ទំនងជាមិត្តភ័ក្ដប៉ុណ្ណោះ មិនមែនក្នុងន័យអ្វីផ្សេងដែលមតិមួយចំនួននោះឡើយ ។
ថ្លែងប្រាប់តាមបណ្ដាញតេឡេក្រាមអ្នកនាង ទ្រីញ ផល្លា និយាយថា បុរសស្បែកខ្មៅនោះ គឺជាឌីជេនៅក្នុងក្លឹបកម្សាន្ដមួយកន្លែង ខណៈទំនាក់ទំនងរបស់អ្នកនាងគឺក្នុងលក្ខណៈជាមិត្តភ័ក្ដជិតស្និតមិនមានទំនាក់ទំនងអ្វីផ្សេងទេ ហើយការទៅលេងកម្សាន្ដនៅយប់នោះក៏មិនមែនតែអ្នកនាងម្នាក់ដែរ គឺមានអ្នកជិតស្និតជាច្រើននាក់ក្នុងនោះក៏មានតារាល្បីៗមួយចំនួនផងដែរ ។
ជាមួយគ្នានោះអ្នកនាង ទ្រីញ ផល្លា ក៏បញ្ជាក់ដែរថា រូបភាពស្និតស្នាលនោះពួកគេទាំងពីរគ្មានបំណងអ្វីទេ ក្រៅអំពីការលេងសើចសប្បាយ ។ ក្រៅពីនោះ ទ្រីញ ផល្លា ក៏បានបញ្ជាក់ជាថ្មីនៅលើហ្វេសប៊ុក និងបានសុំទោសទៅកាន់មហាជនចំពោះវីដេអូមួយនោះ ។
សូមបញ្ជាក់ថា ក្រោយមានរឿងរ៉ាវចម្រូងចម្រាស់ចែកផ្លូវគ្នាពីអតីតស្វាមី ពូចក់ ស្រីស្អាត ទ្រីញ ផល្លា មិនទាន់បង្ហាញទំនាក់ទំនងផ្លូវការជាមួយបុរសណាផ្សេងទៀតឡើយ ខណៈមួយរយៈចុងក្រោយនេះគេសង្កេតឃើញអ្នកមេម៉ាយកូនរូបនេះ ផ្ដោតសំខាន់ទៅលើការកែសម្ផស្សយ៉ាងខ្លាំង ។ ជាក់ស្ដែងមុនផ្ទុះវីដេអូស្និតស្នាលជាមួយបុរសស្បែកខ្មៅ ទ្រីញ ផល្លា បានជិះយន្ដហោះទៅវះកាត់ផ្ទៃមុខដល់ប្រទេសវៀតណាម ៕