ម្សិលមិញនេះសិល្បករសិល្បការីជាច្រើនបានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហមឆ្អៅរបស់កម្មវិធី PMA ឬ Pleng Music Awards 2023 របស់ស្មាត ដែលបានរៀបចំឡើងនៅ បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម បឹងស្នោ ។
កម្មពិធីនេះមានការប្រគល់ពានរង្វាន់សរុបចំនួន១៤ពាន រួមជាមួយការសម្ដែងពិសេសៗជាច្រើនពីសិល្បករសិល្បការីគ្រប់ជំនាន់ ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយស និងទស្សនិកជនជាច្រើនកុះករ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ក្នុងចំណោមពានរង្វាន់ចំនួន១៤ ពានធំៗចំនួន៦ត្រូវបានទៅលើកំពូលតារាចម្រៀងរ៉េបជូរមុខគឺលោក ជី ដេវីត ។ នេះជាការទទួលបានពានរង្វាន់ច្រើនបំផុតក្នុងពេលតែមួយ និងមិនធ្លាប់មានតារាចម្រៀងរូបណាធ្លាប់ទទួលបានឡើយ ។
ដោយពានទាំង៦ដែលម្ចាស់បទ «ញីកែងជើង» រូបនេះទទួលបានរួមមាន៖ ពានសិល្បករប្រចាំឆ្នាំ, ពានវីដេអូចម្រៀងប្រចាំឆ្នាំ, ពានបទចម្រៀងប្រចាំឆ្នាំ, ពានបទចម្រៀងដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng (How About Now), Album of the year (Passion Album) ដែលមានអ្នកស្ដាប់ច្រើនជាងគេនៅលើ Pleng និងទី៦គឺពានសិល្បករដែលទទួលបានសារគាំទ្រច្រើនជាងគេប្រចាំឆ្នាំ ។
សូមរំលឹកថា ក្រៅពីបានឈ្នះពានច្រើនជាងគេបំផុតពីកម្មពិធីខាងលើ តារាចម្រៀងរ៉េបជូរមុខលោក ជី ដេវីត ឈ្មោះពិត ងួន ចាន់ដេវីត ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរពីភាពលេចធ្លោ ក្រោយដឹកដៃភរិយា និងកូនដាយណូស័រដែលមានអាយុជាង១ខែមកចូលរួមកម្មពិធីដ៏ធំប្រចាំឆ្នាំមួយនេះ ។ មតិជាច្រើននៅលើបណ្ដាញសង្គមបានលើកឡើងថា បើទោះជា ជី ដេវីត និង ទេព បូព្រឹក្ស មានកូនដែលទើបតែសម្រាលជាង១ខែក្ដី តែពួកគេនៅតែជាតារាចម្រៀងដែលលេចធ្លោ និងមានការគាំទ្រខ្លាំងពីសំណាក់មហាជន ៕