តារាចម្រៀងលោក ខាន់ ជេមស៍ បានចេញវីដេអូសុំទោសមហាជនជាធារណៈ ក្រោយមានការប្រតិកម្មលើពាក្យសម្ដីលេងសើចនៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ។
ដោយកាលពីថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយនៅលើបណ្ដាញសង្គមរបស់ខ្លួនធ្វើឱ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយបានលើកឡើងថា តារាចម្រៀងដែលមានប្រវត្តិធ្លាប់ស្នាក់នៅបន្ទប់ជួលរូបនេះបានខ្ពង់ខ្ពស់ភ្លេចភាពដើម និងមិនឱ្យតម្លៃដល់អ្នកក្រ ។
យ៉ាងណាក្រោយឃើញការប្រតិកម្មរបស់មហាជន តារាចម្រៀង ខាន់ ជេមស៍ ក៏បានចេញមុខសុំទោសមហាជនជាសាធារណៈ ដោយតាមរយៈសំណេរលោកបានអះអាងថា លោកគ្មានចេតនា គ្មានបំណង និងគំនិតអាក្រក់ណាមួយមើលងាយដល់អ្នកក្រឡើយ លោកគ្រាន់តែសរសេរក្នុងន័យបង្កើតមាតិកាកំប្លែងដើម្បីមហាជនកំសាន្តតែប៉ុណ្ណោះ ។
ដោយឡែកនៅក្នុងវីដេអូសុំទោស លោក ខាន់ ជេមស៍ បាននិយាយថា លោកពិតជាមិននឹកស្មានថា មហាជនជាច្រើនបានខឹងលោកដល់ថ្នាក់នេះនោះទេ ។ លោកក៏មិននឹកស្មានថា Caption មួយនោះធ្វើឱ្យមហាជនប្រកាន់លោកខ្លាំងអញ្ចឹងដែរ តែលោកពិតជាសុំទោសចេញពីបេះដូង ចេញពីដួងចិត្ត លោកធ្វើនេះដោយសារតែហ្វេសប៊ុករបស់លោកស្ងប់ស្ងាត់ ទើបលោកសាកសរសេរអ្វីដែលថ្មីៗ ឬសំណេរចាក់ដោតធ្វើឱ្យមានអ្នកខមិនច្រើនក្នុងន័យបង្កើតមាតិកានៅក្នុងផេកឱ្យវាមានចំណាប់អារម្មណ៍ និងមានភាពទាក់ទាញ ។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយដែលមានខ្លឹមថា «បុគ្គលិកប្រាក់ខែ 300$ សៅរ៍-អាទិត្យ គេ post ដើរលេងជាមួយសង្សារដាក់ Caption “relax time“ ឯមេប្រាក់ខែ 2000$ សៅរ៍-អាទិត្យ ជួយដឹកអ៊ីវ៉ាន់ online ឱ្យប្រពន្ធដូចព្យុះ» ។
សំណេរនេះបានធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំង ។ បើទោះជាយ៉ាងណាពាក់ព័ន្ធនឹងករណីនេះអតីតតារាចម្រៀងសាន់ដេលោក ខាន់ ជេមស៍ ក៏បានចេញមុខសុំទោសមហាជនជាសាធារណៈ និងបានលុបចោលការបង្ហោះនោះហើយដែរ ៕