សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះការផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងមានភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ជាមួយនឹងចំនួនអ្នកទស្សនាឡើងដល់ជាង៦២លាននាក់ហើយ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា «បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៉ីណាវ៉ាត្រា និងវាយតម្លៃខ្ពស់ចំពោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និង តង់ ច័ន្ទសីមា ដែលបានសម្ដែងបានយ៉ាងល្អ ព្រមទាំងក្រុមការងារទាំងឡាយដែលបានដឹកនាំផលិតបទចម្រៀងរបស់ខ្មែរមួយនេះ។
បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាននេះ គឺត្រូវបានសម្ដែងម្ដងរួចមកហើយកាលពីពេលកន្លងទៅ និងត្រៀមសម្ដែងម្ដងទៀតនៅក្នុងឱកាសបិទព្រឹត្តិការស៉ីហ្គេមនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្ដែងបទចម្រៀងនេះ គឺកាន់តែញ៉ាំងព្រឹត្តិការណ៍ស៉ីហ្គេមឱ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ១៩៦៦ ក្នុងពេលដែលព្រះបរមរតនកោដ្ឋដឹកនាំសង្គមរាស្ត្រនិយម។ កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ ដែលបានយាងព្រះរាជទានព្រះអគ្គិជ័យកីឡាចេញពីប្រាសាទអង្គរវត្ត។
គួរជម្រាបថា ត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឬ CAMBODIAN PRIDE មានអ្នកទស្សនាច្រើនជាង៦២លាននាក់ (62K) ដែលជាចំនួនដ៏ច្រើនបំផុតមួយក្នុងចំណោមបទចម្រៀងដទៃទៀត បើគិតត្រឹមរយៈពេលដូចដ៏ខ្លីនេះ៕