អ្នកនាង ស្រួង ភាវី គឺជាអត្តពលិកខ្មែរមួយរូបក្នុងចំណោមអត្តពលិកជាច្រើនដែលបានធ្វើឱ្យប្រជាជនខ្មែរស្ទើរទូទាំងប្រទេសមានមោទនភាព ក្រោយដណ្ដើមបានមេដាយមាសស៊ីហ្គេមលើកទី៣២ជូនជាតិមាតុភូមិ ។
មិនតែប៉ុណ្ណោះថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហាញក្ដីរំភើបរីករាយជាមួយនឹងការស្ញប់ស្ញែងជាថ្មីម្ដងទៀត ចំពោះមហាទឹកចិត្តរបស់ម្ចាស់មេដាយមាសស៊ីហ្គេមអ្នកនាង ស្រួង ភាវី ដែលបានយកថវិកាដែលខ្លួនប្រកួតឈ្នះទាំងអស់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា ចូលរួមមូលនិធិ និងសប្បុរសធម៌ជួយកុមារនៅកម្ពុជា ។
ដោយម្ចាស់មេដាយមាសវិញ្ញាសាប៊ីយ៉ា និងស្នុកឃ័រអ្នកនាង ស្រួង ភាវី បានលើកឡើងថា ថវិកាទាំងអស់ដែលអ្នកនាងទទួលបានពីជ័យជម្នះនៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម គឺអ្នកនាងនឹងប្រមូលចូលរួមមូលនិធិ និងសប្បុរសធម៌ជួយក្មេងៗនៅកម្ពុជា ។ អ្នកនាង ស្រួង ភាវី ថា ការធ្វើបែបនេះមិនមែនអ្នកនាងជាអ្នកមានទ្រព្យច្រើននោះទេ ប៉ុន្តែការធ្វើនេះគឺព្រោះតែអ្នកនាងចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ និងទៅថ្ងៃអនាគតអ្នកនាងនៅតែដដែលក្នុងការជួយដល់ក្មេងៗនៅកម្ពុជា ។ មិនតែប៉ុណ្ណោះម្ចាស់មេដាយមាសរូបនេះបានសង្កត់ធ្ងន់ទៀតថា ទាំងបេះដូង និងជីវិតរបស់ខ្លួនគឺលះបង់ដើម្បីកម្ពុជា ។ ឆន្ទៈ និងសណ្ដានចិត្តដ៏ភក្ដីរបស់កីឡាការិនីឆ្នើមរូបនេះធ្វើឱ្យប្រជាជនខ្មែរ ជាពិសេសអ្នកប្រាស់បណ្ដាញសង្គមជាច្រើនស្ញើចសរសើរ និងស្ញប់ស្ញែងបំផុត ។
ដោយអ្នកនាង ស្រួង ភាវី បានប្រកាសថា «រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ។ តាមពិតទៅខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត ខ្ញុំផ្ទាល់ទាំងបេះដូង និងអាយុជីវិតគឺខ្ញុំលះបង់ដើម្បីកម្ពុជា» ។
សូមរំលឹកថា ក្រោយទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការប្រកួតលើវិញ្ញាសាប៊ីយ៉ាការ៉ុម និងស្នុកឃ័រនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា កីឡាការិនីឆ្នើមរបស់កម្ពុជាអ្នកនាង ស្រួង ភាវី បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង និងបានលើកឡើងថា នេះជាបំណងប្រាថ្នា១០ឆ្នាំរបស់ខ្លួនដើម្បីរកមេដាយមាសជូនជាតិមាតុភូមិពីមហាព្រឹត្តិការណ៍នេះ ។
កន្លងមកកីឡាការិនីឆ្នើមរូបនេះធ្លាប់ទទួលបានសមិទ្ធផលជាច្រើននៅលើឆាកជាតិ និងអន្តរជាតិ តែអ្នកនាងមិនដែលមានមោទនភាពខ្លាំងដូចជាពេលនេះឡើយ ។ អ្នកនាង ស្រួង ភាវី លើកឡើងថា ការដណ្ដើមបានមេដាយមាសស៊ីហ្គេមនេះមានអត្ថន័យធំធេងណាស់ចំពោះអ្នកនាង ហើយការឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដងកន្លងមក ក៏អ្នកនាងមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់អ្នកនាង ហើយក៏ក្តីស្រម៉ៃរយៈពេល១០ឆ្នាំរបស់ខ្លួនផងដែរ ៕