បើរំលឹកដល់សិល្បការិនីចម្រៀង ទូច ស៊ុននិច ប្រិយមិត្តជាច្រើនប្រាកដជានៅចងចាំមិនភ្លេចឡើយ ដ្បិតអ្នកនាងគឺជាតារាចម្រៀងសំនៀងពីរោះរណ្តំមួយរូបដ៏មានប្រជាប្រិយភាពកាលពីកំឡុងទសវត្សឆ្នាំ៩០ និង២០០០ ។ ក្រៅពីអ្នកចម្រៀងដ៏មានកេរ្ដិ៍ឈ្មោះ ទូច ស៊ុននិច្ច ក៏ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរល្បីរន្ធឺមួយរូបនាពេលនោះ។
ប៉ុន្តែជាគ្រោះអកុសលសិល្បការិនីដ៏មានទេពកោសល្យតាំងវ័យក្មេង ទូច ស៊ុននិច ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងសាហាវមកលើរូបនាង និងអ្នកម្តាយកាលអំឡុងឆ្នាំ២០០៣ ជាហេតុធ្វើឲ្យនាងត្រូវឃ្លាតឆ្ងាយពីអាជីពសិល្បៈ រក្សាបានតែរូបកាយពិការភាពមកដល់បច្ចុប្បន្ន និងនិរទេសខ្លួនទៅរស់នៅស្រុកគេ ។
យ៉ាងណាបើទោះបីជាបានឃ្លាតឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជិត២០ឆ្នាំ និងពុំមានវត្តមាននៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរមកហើយក្តី អ្នកនាង ទូច ស៊ុននិច នៅតែនឹករលឹកដល់អាជីពរបស់ខ្លួន និងបងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកគាំទ្រដែលតែងតែគាំទ្ររូបនាងនាពេលកន្លងមក ក៏ដូចគ្នានឹងទស្សនិកជនដែលនិយមស្តាប់បទចម្រៀងដ៏ពីរោះរបស់អ្នកនាងក៏នៅតែចងចាំរូបនាងជានិច្ច ។
ជាក់ស្ដែងថ្មីៗនេះម្ចាស់បទ «សិលាចាំប្ដី» ទូច ស៊ុននិច្ច បានបង្ហោះរូបភាពមួយសន្លឹកជាមួយដៃគូសម្ដែង ដោយរំលឹកនឹកគ្រាអនុស្សវរីយ៍កាលឆ្នាំ២០០១នៅប្រទេសបារាំង ដែលរូបនាងឈរច្រៀងមុខក្រុមតន្រ្តីករយ៉ាងស្រស់ស្អាត ។ នៅខណៈនោះ ទូច ស៊ុននិច្ច ក៏បានឆ្លៀតផ្ញើក្ដីនឹករលឹកដល់បងប្អូនខ្មែរផងដែរនៅកម្ពុជាផងដែរ ។
អ្នកនាង ទូច ស៊ុននិច្ច បានរៀបរាប់ឱ្យដឹងថា៖ «នាងខ្ញុំសូមជំរាបសួរលោកយាយលោកតាអ៊ំពូមាមីងបងៗប្អូនៗ និងក្មួយៗទាំងអស់ដោយក្ដីនឹករលឹកពីចំងាយ នេះជារូបថតអនុស្សាវរីយ៍ពេលដែលនាងខ្ញុំទៅសំដែងនៅប្រទេសបារាំងឆ្នាំ២០០១ ។ នាងខ្ញុំសូមផ្ញើក្ដីស្រលាញ់ជូនដល់បងប្អូនខ្មែរទាំងអស់ និងសូមជូនពរបងប្អូនមានសុខភាពល្អគ្រប់ៗគ្នា» ។
សូមរំលឹកថា ទូច ស៊ុននិច្ច គឺជាសិល្បការិនីចម្រៀងដែលមានសំឡេងស្រួយស្រែះដូចសារិកា និងជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញកាលអំឡុងទសវត្ស២០០០ ។ នាងត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងសាហាវ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ សព្វថ្ងៃកញ្ញារស់នៅទីក្រុងឡូសអានជើលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ត្បិតថា អ្នកនាង ទូច ស៊ុននិច្ច រស់នៅឆ្ងាយឯនាយសមុទ្រពិតមែន ប៉ុន្តែសំឡេងដ៏ក្រអួនក្រអៅរបស់អតីតតារាចម្រៀងរូបនេះនៅតែដក់ជាប់ក្នុងអារម្មណ៍អ្នកស្ដាប់នៅឡើយ ៕