ក្រោយចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារហូតមក ពេលនេះលោកជំទាវ ហ៊ុន ស៊ីណាត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងមានស្វាមីឯកឧត្ដម នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយក៏ជាម្តាយបង្កើតលោកស្រីឧកញ៉ា នឹម វណ្ណៈ ។
ជាការកត់សម្គាល់ ជារឿយៗលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត តែងតែបង្ហាញមុខក្នុងចូលរួមជួយកិច្ចការងារសង្គមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងកិច្ចការមនុស្សធម៌តាមរយៈរាជរដ្ឋាភិបាលក្ដី និងកិច្ចការមនសុ្សធម៌ជាលក្ខណៈបុគ្គលផ្ទាល់ដោយផ្ដល់នូវស្នាមញញឹមសម្រាប់ប្រជាពលរដ្ឋជាច្រើននាពេលកន្លងមក។ លោកជំទាវ ហ៊ុន ស៊ីណាត ក៏មិនដែលមើលរំលងពីសុខទុក្ខប្រជាពលរដ្ឋទន់ខ្សោយ ជនរងគ្រោះរងភាពអយុត្តិធម៌នោះដែរ ហើយលោកជំទាវឧកញ៉ាតែងតែចេញមុខការពារជាប់ជានិច្ច ។
ទោះបីជាយ៉ាងណា ដោយសេចក្ដីគោរពរាប់អាន ក្នុងឱកាសដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត នេះ ក៏មានមហាជន ជាពិសេសសិល្បករជាច្រើនបានសម្ដែងការសាទរយ៉ាងផុសផុល ៕