លោក ឌួង ឆាយ ថ្មីៗនេះបានចេញមុខបំភ្លឺដល់សាធារណជន ហើយច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ The Cambodia Daily ដែលថា «ក្លឹបរបស់លោកកំពុងមានការប្រើប្រាស់គ្រឿងញៀន» ខណៈដែលក្លឹបរបស់លោកបានបិទដំណើរការតាំងពីឆ្នាំ២០២០ អំឡុងកូវីដ១៩ ហើយគ្មានការប្រើប្រាស់គ្រឿងញៀន ដូចការចោទប្រកាន់ទេ ។
ការផ្សព្វផ្សាយបំភ្លៃរបស់ The Cambodia Daily លោក ឌួង ឆាយ បានចាត់ទុកថា ជាការផ្សព្វផ្សាយខ្វះមូលដ្ឋានព័ត៌មាន និងគ្មានវិជ្ជាជីវៈ ។ បន្ថែមពីនេះ ការផ្សាយចោទប្រកាន់នេះ នឹងកាន់តែធ្វើឲ្យ The Cambodia Daily បាត់បង់តម្លៃរបស់ខ្លួនទៅវិញទេ។
សូមបញ្ជាក់ថា អតីតក្លឹបកម្សាន្ដ Sound Club ត្រូវបានបិទដំណើរការតាំងពីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អំឡុងពេលដែលកម្ពុជា និងពិភពលោករីករាលដាលជំងឺកូវីដ១៩ ស្របពេលដែលក្រសួងសុខាភិបាលប្រកាសឲ្យបិទ KTV ក្លឹបកម្សាន្ត និងរោងភាពយន្តនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល ។ ជាមួយនឹងការអនុវត្តវិធានការនោះ Sound Club បានសម្រេចមិនបានបើកដំណើរការវិញទេ គឺបិទជារៀងរហូត ។ នេះបើតាមការប្រកាសរបស់ លោក ឌួង ឆាយ កាលពីឆ្នាំ២០២០ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្លឹបរបស់លោកមានការប្រើប្រាស់គ្រឿងញៀន លោក ឌួង ឆាយ បានបញ្ជាក់ថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ម៉ឺននាក់អាចធ្វើជាសាក្សីបាន ដែលក្នុងក៏មានតារាផងដែរ ហើយការផ្សព្វផ្សាយបែបនេះ គឺជាការបំភ្លៃមួលបង្កាច់លើអាជីវកម្មរបស់លោកទាំងស្រុង ។ លោកអះអាងថា កន្លងទៅពាក់ព័ន្ធនឹងវិធានការទប់ស្កាត់គ្រឿងញៀននេះ លោកបានដាក់វិធានការពិនិត្យទឹកនោមបុគ្គលិករៀងរាល់២សប្តាហ៍ម្តង ។ ដោយឡែកសម្រាប់ភ្ញៀវដែលចូលកម្សាន្ត ប្រសិនបើមានករណីសង្ស័យ ក៏អញ្ជើញគាត់ឱ្យចេញពីក្លឹបផងដែរ ។
លោកក៏បានសំណូមពរឱ្យ The Cambodia Daily ធ្វើការបកស្រាយឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការភាន់ច្រឡំតទៅទៀតចំពោះការរកស៊ីរបស់លោក ។ លោកបានអះអាងថា លោកមិនអាចរកស៊ីល្មើសច្បាប់បានទេក្នុងមួយជីវិតរបស់លោកនេះ ហើយក៏លោកមិនកេងប្រវ័ញនរណា និងធ្វើបាបនរណានោះដែរ ។ លោកក៏ទាមទារឱ្យ The Cambodia Daily ធ្វើការសុំទោសលោកជាសាធារណៈដែរ ចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក និងស្នើឱ្យសាធារណជនឈប់ជឿលើសារព័ត៌មានដែលនៅឆ្ងាយពីកម្ពុជាមួយនេះ ។
លោកបានរិះគន់ថា សារព័ត៌មាន The Cambodia Daily បានលក់ឧត្ដមគតិទៅឱ្យបរទេសបាត់ទៅហើយ បានជាតែងតែវាយប្រហារ និងចោទប្រកាន់ម្តងហើយម្តងទៀតមកលើរដ្ឋាភិបាលកម្ពុជា ។ លោកមានការខឹងសម្បារយ៉ាងខ្លាំងដែល សារព័ត៌មាននេះ ហ៊ានចោទប្រកាន់ទាំងងងើលមកលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកគឺជាមាតាមួយរូបគួរឱ្យគោរព មានទឹកចិត្តល្អប្រពៃ ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋ ដែលការបំភ្លៃបែបនេះគឺជាទង្វើនយោបាយទុច្ចរិត មិនស័ក្តសមជាអ្នកសារព័ត៌មានឡើយ ៕