CUS ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០% ដល់សិស្សនារីនិទ្ទេស A,B ឬ C ចំនួន៧៥កន្លែងនៅទូទាំងប្រទេស​ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែ

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយ “ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ”  និងគោលនយោបាយលើកកម្ពស់ស្រ្តីតាមរយៈការផ្តល់ឱកាសឱ្យស្រ្តីមានលទ្ធភាពទទួលបាននូវ​សេវា​អប់រំ​ជំនាញ​វិជ្ជាជីវ​កម្រិត​ឧត្តមសិក្សា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUSបានសម្រេច​ផ្តល់​អាហារូប​ករណ៍​​ថ្លៃសិក្សា​១០០%​ជូនដល់សិស្ស​ស្រីដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬ C សរុប​ចំនួន​៧៥​កន្លែង។

 

អាហាររូបករណ៍ថ្លៃសិក្សា១០០%នេះផ្ដល់ជូនសម្រាប់តែសិស្សដែលបានមកចុះឈ្មោះមុនគេប៉ុណ្ណោះ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ​លើឯកទេសណា​មួយ​ រួមមាននៅរាជធានី​ភ្នំពេញផ្ដល់ជូន​ចំនួន១៥កន្លែង, សាខា​ខេត្ត​​​កំពង់ចាមចំនួន១០កន្លែង, សាខាខេត្តកំពង់ធំចំនួន១០កន្លែង, សាខាខេត្តសៀមរាប​ចំនួន១០កន្លែង, សាខា​ខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់ដំបង​ចំនួន​១០​កន្លែង, និងសាខាខេត្ត​កំពត​ចំនួន១០កន្លែង​​។

 

ក្នុងគោលបំណងជួយសម្រួលដល់បន្ទុកគ្រួសាររបស់សិស្សនារីទាំង៧៥នាក់នេះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS,ក្រុមហ៊ុន ស៊ី យូ អេស គ្រុប ,សណ្ឋាគារដ្រេហ្កនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្តសៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន១០០.០០០រៀលបន្ថែមទៀតចំពោះនិស្សិតជានារីទទួលបានអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA,B,C ដែលបានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ។

 

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS គឺជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅកម្ពុជាដែលមានការគាំទ្រ​ពីបុគ្គលិក សាស្រ្តាចារ្យ មហាជន និងនិស្សិតជាច្រើនក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្នមាននិស្សិតជិត២ម៉ឺននាក់កំពុងសិក្សាចាប់កម្រិតបរិញ្ញាបត្ររងរហូតដល់បណ្ឌិត​ ដោយមាន​ក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុងស្រុកចំនួន៥៥០ និងដៃគូជា​មួយ​សាកល​វិទ្យាល័យ និងស្ថាប័ន​បរទេស​ចំនួន ៥៦ មកពីកូរ៉េ​ខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លា​ដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែល សម្រាប់ផ្តល់ឱកាសដល់និស្សចុះកម្មសិក្សា ទស្សនកិច្ច​សិក្សា និងទទួលបានអាហារូបករណ៍បន្តការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត។ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្ដេជ្ញាសម្រេចឱ្យបានតាមចក្ខុវិស័យ “ត្រូវក្លាយជារោងចក្របញ្ញាញាណដោយការ​កសាង និងការអភិវឌ្ឍធនធាន​មនុស្សប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ ដើម្បីកសាងកិត្តិនាម និងអភិវឌ្ឍគុណភាពអប់រំរបស់ខ្លួនលើឆាកអន្តរជាតិចាប់ពីឆ្នាំ​២០២៧តទៅ។ ជាពិសេសដើម្បី ចូលរួមចំណែកសម្រេចឱ្យបានទិសដៅដឹកនាំរបស់​រាជរដ្ឋាភិ​បាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ២០៣០​ និងជាប្រទេសដែលមាន​ចំណូល​ខ្ពស់ នៅឆ្នាំ២០៥០។

Leave a Reply

Your email address will not be published. Required fields are marked *