ប្រជាពលរដ្ឋធ្វើដែលដំណើរតាមដងផ្លូវដងវីថីទីសាធារណៈ មានអារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញ ការបង្ហាញ វីដេអូ Apsara Makeup Trend របស់ ល្អហួស បង្ហោះលើផ្ទាំងបដា LED ផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវច្រើនទីតាំង នៅក្នុងរាជធានីភ្នំពេញ ។ដោយដាក់បង្ហាញបែបនេះ គឺជាការរួមចំណែកជួយលើកស្ទួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិ។
ជាការពិតណាស់ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងការស៊ែរចែករំលែកយ៉ាងច្រើនព្រោងព្រាតទាក់ព័ន្ធទៅនឹងការបំផុសបំផុលឱ្យអ្នកផលិតមាតិការ រួមគ្នាបង្កើតវីដេអូអំពីឈុត Apsara ខ្មែរ ជាច្រើនទម្រង់ បង្ហាញដល់ពិភពលោកបានមើលឃើញពីទម្រង់នៃសិល្បៈវប្បធម៌ខ្មែរពិតៗ។ ដោយការបំផុសបំផុលឱ្យមានការចូលរួមយ៉ាងដូច្នេះ គេឃើញមានអ្នកសិល្បៈ និងអ្នកផលិតមាតិការលើបណ្ដាញសង្គម ដែលមានឈ្មោះល្បីល្បាញជាច្រើននាក់ បានសម្ដែងការគាំទ្រ និងប្ដេជ្ញាចូលរួម ។
ក្នុងនោះដែរ យុវតី ល្អហួស ម្ចាស់មកុដ Miss Preteen International 2024 បានចូលរួមផលិតវីដេអូ Apsara Makeup Trend ប្រកបដោយភាពស្រស់ស្អាតយ៉ាងប្រណិត អមជាមួយកាយវិការទន់ភ្លន់យ៉ាងគួរឱ្យគយគន់។ អ្វីដែលធ្វើឱ្យហ្វេនអ្នកគាំទ្រប្អូនស្រីមានការភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាពិសេសទៀតនោះគឺ វីដេអូ Apsara Makeup Trend របស់យុវតីរូបនេះមានការចាក់ផ្សាយបង្ហាញលើផ្ទាំង LED ជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ បានក្លាយជាចំណែកក្នុងផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបណ្ដាភ្ញៀវទេសចរអន្ដរជាតិបានឃើញ និងបានស្គាល់អំពីទេពអប្សរាពិតៗរបស់កម្ពុជាដូចដែលមានឆ្លាក់ឡើងនៅលើផ្ទាំងសិលាប្រាសាទអង្គរវត្ត។
ទន្ទឹមគ្នា នៃការបញ្ចេញវីដេអូរបស់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស នាពេលនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការគាំទ្រ និងមោទនភាពជាខ្លាំងចំពោះការបង្កើតវីដេអូខ្មែរអប្សរា Makeup Trend ពីសំណាក់ ជូរី ល្អហួស។
គេនៅចាំបានថា ក្រោយពីទទួលបានជោគជ័យនៅក្នុងការគ្រងមកុដ Miss Preteen Junior Idol 2024 នៅឆាកអន្តរជាតិ កាលពីថ្មីៗ នេះ ជូរី ល្អហួស បានបង្ហើបពីក្តីស្រមៃរបស់ខ្លួន ដោយចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក៕