អតីតតារាចម្រៀងហង្សមាសកញ្ញា វី ឌីណែត កូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់រកឃើញបុរសដែលច្បាស់លាស់ឡើយដូច្នេះរឿងរៀបការក៏គ្មានសង្ឃឹមឆាប់ៗនោះដែរ ។ ការបញ្ជាក់របស់តារាចម្រៀង វី ឌីណែត គឺស្របពេលដែលចូលរួមអបអរមង្គលការរបស់អ្នករួមអាជីពគឺអ្នកនាង សុភ័ក្រ កុសុម៉ា នៅOCIC ។
ពិតណាស់បើទោះបីជាកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា កូនស្រីលោក ហួរ ឡាវី កញ្ញា វី ឌីណែត ត្រៀមឡើងងារជាជំទាវ ព្រោះត្រៀមចូលរោងការជាមួយអ្នកធំ ប៉ុន្តែមកដល់ពេលនេះម្ចាស់បទ «កុំស្ដាយពេលបាត់បង់ខ្ញុំ» នៅតែអះអាងថា មិនទាន់រកអ្នកច្បាស់លាស់បានមិនដឹងជាពេលបានចូលរោងការដូចអ្នករួមអាជីពឡើយ ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន វី ឌីណែត បាននិយាយបែបលេចសើចថា ពេលឃើញ សុភ័ក្រ កុសុម៉ា រៀបការ ខ្លួនក៏ចង់រៀបការបានប្ដីដហើយក៏មិនសង្ឃឹមថាអាចរកបានឆាប់ៗនោះដែរ ប៉ុន្តែតារាស្រីរូបនេះសង្ឃឹមថា ខ្លួននឹងអាចរកបានមនុស្សប្រុសដែលល្អពិតប្រាកដ ។
ងាកការសិល្បៈវិញ វី ឌីណែត ថាមួយរយៈនេះរៀងមមាញឹកច្រើន ហើយដោយសារតែខ្លួនបានចាកចេញពីទ្រនំចាស់ដែលធ្លាប់ជ្រកជាច្រើនឆ្នាំដូច្នេះហើយអ្វីៗគ្រប់យ៉ាងត្រូវធ្វើដោយខ្លួនឯងអស់មិនថា ការធ្វើចម្រៀង ថតMV និងការចំណាយផ្សេងៗជាដើម ។ ចំពោះមូលហេតុដែលចាកចេញពីទ្រនំយក្សនោះ តារាចម្រៀងស្រីញញឹមស្រស់រូបនេះបានបញ្ជាក់ថា គឺដោយសារតែផុតកុងត្រាផង និងព្រោះតែខ្លួនចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើផង ។
បើទោះជាយ៉ាងណាកញ្ញា វី ឌីណែត ថានឹងមានអ្វីពិសេសសម្រាប់ Surprise អ្នកគាំទ្រ ខណៈថ្មីៗនេះខ្លួនក៏ទើបតែបញ្ចេញបទចម្រៀងថ្មីដំបូងមួយបទផងដែរ ដែលមានចំណងជើងថា «ស្រលាញ់គេម្នាក់ឯងឈឺបែបនេះហើយ» ដោយរំពឹងថា បណ្ដាអ្នកគាំទ្រនឹងជួយគាំទ្រស្នាដៃមួយនេះដូចគ្រាដែលខ្លួននៅទ្រនំចាស់ ៕