បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់ជាច្រើនសប្ដាហ៍ ឆ្លងកាត់វិញ្ញាសាពិបាកៗជាច្រើនរួចមកនោះពេលនេះកម្មវិធី Miss international 2024 បានរកឃើញម្ចាស់មកុដថ្មីសម្រាប់ឆ្នាំ ២០២៤ បានហើយ ដោយបានទៅលើបវរកញ្ញាតំណាងឱ្យប្រទេស វៀតណាម ក្រោយវគ្គផ្ដាច់ព្រ័ត្រទើបបានបញ្ចប់ទៅយ៉ាងរលូនកាលពីរាត្រីថ្ងៃទី១២ ខែ វិច្ចកា យប់មិញ។
ស្រពពេលកម្មវិធីដ៏ធំខាងលើកំពុងអបអរជាមួយម្ចាស់មកុដថ្មីនោះ ងាកមកប្រទេសកម្ពុជាវិញ កំពុងមានប្រជាជនខ្មែរ ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាពិតជាមានការសោកស្ដាយជាខ្លាំងសម្រាប់កញ្ញា ឡូយ ច័ន្ទរស្មី ដែលជាបវរកញ្ញាតំណាងឲ្យកម្ពុជា មិនបានជាប់នៅក្នុង Top កំពូលណាមួយ នៅក្នុងកម្មវិធីមួយនេះឡើយ ខណៈដែលនាងបានខិតខំប្រឹងប្រែងព្យាយាមទាំងកម្លាំងកាយចិត្ត អស់ពីលទ្ធភាពហើយ ដើម្បីយកជោគជ័យត្រឡប់មកមាតុភូមិវិញ។
បើទោះបីជា កញ្ញា ឡូយ ច័ន្ទរស្មី មិនបានទទួលជោគជ័យដូចការរំពឹងទុករបស់អ្នកគាំទ្រ ប៉ុន្តែបវរកញ្ញារូបនេះបានជាប់នៅក្នុងចិត្ត និងបេះដូងរបស់អ្នកគាំទ្ររួចមកហើយ ហើយបើទោះបីនាងមិនបានជោគជ័យតែបវរកញ្ញាកម្ពុជារូបនេះ ពិតជាបានបង្ហាញឱ្យគ្រប់គ្នាបានឃើញថា ខ្លួននាងបានខិតខំប្រឹងប្រែងខ្លាំងអស់ពីលទ្ធភាព ក្នុងការប្រយុទ្ធនៅលើឆាកអន្តរជាតិមួយនេះ មិនដែលគិតចង់បោះបង់ម្ដងណាឡើយចាប់តាំងពីថ្ងៃដំបូងនៃកម្មវិធីមកម្លេះគឺនាងតែងតែធ្វើបានល្អផងដែរ។
យ៉ាងណារាល់ការប្រកួតតែងមានចាញ់ និងឈ្នះ បើទោះបីជាអ្នកគាំទ្រជាច្រើនសោកស្ដាយ និងខកបំណងបន្តិចមែន ប៉ុន្តែពួកគេមិនបានបន្ទោសជេរស្ដីទៅកាន់កញ្ញា ឡូយ ច័ន្ទរស្មី ឡើយ ផ្ទុយទៅវិញគេឃើញថាអ្នកគាំទ្ររួមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាបង្ហោះ និងចូលខមិនព្រោងព្រាតដើម្បីលើកទឹកចិត្តទៅកាន់ស្រីស្អាតរូបនេះគ្រប់ៗគ្នាផងដែរ៕