អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងលោក Jonathan លុបវីដេអូ(MV) បទ«សែកមន្ត» ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា ទោះបច្ចុប្បន្នមានអ្នកទស្សនាជាង៤លានដង ក៏ដោយ ចាប់ពីម៉ោងពេលនេះតទៅ ត្រូវកែប្រែដោយកាត់ចេញនូវវីដេអូមានប្លង់តុក្កតាឡាប៊ូប៊ូទាំងស្រុងទើបអាចផុសឡើងវិញបាន ។
អ្នកឧកញ៉ា បានលើកឡើងបន្តថា មួយរយៈនេះលោក Jonathan ជាអ្នកដឹកនាំសម្ដែងនៃបទ(សែកមន្ត)ដែលការដឹកនាំនោះ បានប្រើប្រាស់តុក្កតាឡាប៊ូប៊ូ។ កន្លងទៅអ្នកដឹកនាំសម្ដែងបានកែតម្រូវខ្លះទៅហើយក្ដី តែមកដល់ពេលនេះ អ្នកឧកញ៉ា បានពិនិត្យឃើញថានៅតែមានការវែកញែកពីផលប៉ះពាល់ផ្សេងៗនៅបណ្ដាញសង្គម ។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ក៏បានគោរពអរគុណពុកម៉ែបងប្អូនទាំងអស់ដែលផ្ដល់យោបល់កែតម្រូវដើម្បីសិល្បៈកម្ពុជា ក្នុងការឈានទៅមុខ ។ អ្នកឧកញ៉ា ចាត់ទុក ពុកម៉ែបងប្អូនទាំងអស់គ្នាប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ជាំងនូវចំណុចខ្វះខាតរបស់ក្រុមការងារ៕