កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាត់ទុកមតិមហាជនលើបទ សែកមន្ដ ជាការស្ថាបនាដើម្បីសិល្បៈកម្ពុជា

បើទោះបីជាមួយរយៈចុងក្រោយនេះមានមតិជាច្រើនបានវែកញែក និងរិះគន់ទៅលើបទ សែនមន្ដ រហូតត្រូវលុបកែតម្រូវជាថ្មីឡើងវិញក្ដី ប៉ុន្តែកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនត្រឹមតែមិនមានប្រតិកម្ម ឬឆ្លើយតបប៉ុណ្ណោះទេ ពោលគឺថែមទាំងបានគិតទៅលើមតិទាំងនោះជារឿងវិជ្ជមាន និងចាត់ទុកមតិរិះគន់ទាំងនោះថា ជាការស្ថាបនាដើម្បីសិល្បៈកម្ពុជា ។

ពិតណាស់កាលល្ងាចមិញនេះអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បានប្រកាសឱឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងអ្នកដឹកនាំលុបMVបទ សែកមន្ត ដែលមានអ្នកទស្សនាជាង៤លានដងនៅលើយូរធូប Cam Pop របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីកែតម្រូវឡើងវិញតាមមតិរបស់មហាជន ។

ងាកមកកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាម្ចាស់បទ សែកមន្ដ បន្ទាប់ពីបានឃើញការប្រកាសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញសំណេរខ្លីមួយជាមួយនឹងការចែករំលែកការប្រកាសនេះ ដោយសំណេរនោះលោកមិនបានជំទាស់ ឬអាក់អន់ចិត្តអ្វីនោះទេ ប៉ុន្តែលោកឧកញ៉ាពិតជារីករាយដែលអ្នកដឹកនាំសម្ដែងបានទទួលយក និងកែប្រែចំណុចខ្វះខាតតាមមតិរិះគន់របស់មហាជន ។ លោកឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងថា «ខ្ញុំបាទពិតជារីករាយដែលអ្នកដឹកនាំសម្ដែងបានទទួលយក និងកែប្រែចំណុចខ្វះខាត ដែលអ៊ំពូមីងបងប្អូនចូលរួមផ្ដល់មតិស្ថាបនាដើម្បីសិល្បៈកម្ពុជាកាន់តែឈានទៅមុខថែមទៀត» ។

សូបបញ្ជាក់ថា បទ (សែកមន្ត) គឺជាបទចម្រៀងដំបូងរបស់កម្ពុជា ដែលផលិតកម្ម Galaxy Navatra បានលាយបញ្ចូលទំនុកច្រៀងបុរាណ លាយសម័យ អមដោយការប្រគំចាប៉ីខ្មែរ១០០ដើម ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទាំងក្នុង និងក្រៅប្រទេសឱ្យពិភពលោកបានស្គាល់ពីចាប៉ីដងវែងខ្មែរកាន់តែច្បាស់ ។ តែយ៉ាងណាក្រោយចេញជាផ្លូវការ MV ចម្រៀងបទ “សែកមន្ត” ក៏មានការវែកញែកពីមហាជនអំពីប្លង់មួយចំនួនពាក់ព័ន្ធនឹងតុក្កាតា Labubu ហើយក៏ត្រូវបានផលិតកម្មសម្រេចលុបចេញ និងកែសម្រួលវិញ ក្រោយមានអ្នកទ្សនាជាង៤លានដងនៅលើយូធូប ៕

Leave a Reply

Your email address will not be published. Required fields are marked *