នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យក្រុមហ៊ុនទាំងអស់បញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅ និងតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដាំកូនឈើឡើងវិញនៅលើដីដែលបានឈូសឆាយនោះ ។
ក្រៅពីនេះសម្ដេចក៏បានប្រកាសលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ដោយត្រូវរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ។ ការប្រកាសរបស់សម្ដេចតេជោ ខាងលើនេះគឺបានធ្វើឡើង បន្ទាប់ពីមានសុំណូមពរជាច្រើនទៅកាន់រាជរដ្ឋាភិបាល ។
ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម ។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា» ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីខាងលើនេះ ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសបានសម្ដែងការគាំទ្រ ក្នុងនោះក៏មានវត្តមានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ក៏បានប្រកាសពីគោលជំហរគាំទ្រសេចក្ដីសម្រេចរបស់សម្តេចតេជោផងដែរ ។
ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា៖ «ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ» ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះមហាជននៅលើបណ្ដាញសង្គមជាច្រើនបានសម្ដែងការមិនពេញចិត្ត និងបានចេញមុខតវ៉ា ក្រោយពីមានការឈូសឆាយព្រៃឈើតំបន់ភ្នំតាម៉ៅ ។ យ៉ាងណា ក្រោយមានការប្រតិកម្ម និងតវ៉ាជាច្រើននោះ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសបញ្ជាឱ្យបញ្ឈប់សកម្មភាពទាំងនោះ និងតម្រូវឱ្យក្រុមហ៊ុនដែលបានឈូសឆាយព្រៃឈើតំបន់ភ្នំតាម៉ៅ ដាំកូនឈើឡើងវិញនៅលើដីនោះ ៕