បើរំលឹកដល់ឈ្មោះតួឯកប្រុសក្នុងរឿង «ចៅសព់កេងកង» លោក ម៉េង ប៊ុនឡូ ទស្សនិកជនជាច្រើនប្រាកដជានៅចាំមិនភ្លេចឡើយ ដ្បិតលោកគឺជាតារាសម្ដែងដ៏ល្បីឈ្មោះកាលពីជាង១ទស្សវត្សមុន ។
បើទោះជាយ៉ាងណារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក ម៉េច ប៊ុនឡូ មិនសូវបញ្ចេញមុខនៅលើបណ្ដាញសង្គម ឬនៅលើភាពយន្ដប៉ុន្មានឡើយ ដោយលោកហាក់មានភាពស្ងប់ស្ងាត់ពីអាជីព ជាហេតុធ្វើឱ្យទស្សនិកជនអ្នកធ្លាប់គាំទ្រជាច្រើនគិតថា តារាជើងចាស់ប្រុសរូបនេះទំនងជាបោះបង់អាជីព ហើយទៅរស់នៅក្រៅប្រទេសហើយមើលទៅ ។
ជាការពិតលោក ម៉េង ប៊ុនឡូ ពិតជាបានទៅរស់នៅក្រៅប្រទេស ប៉ុន្តែមិនបោះបង់សិល្បៈឡើយ ពោលគឺតួឯកប្រុសរឿង «ចៅពស់កែងកង» រូបនេះ នៅតែបន្តសកម្មភាពការងារក្នុងរង្វង់សិល្បៈនៅកម្ពុជាជាធម្មតា គ្រាន់តែមិនសូវបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្ដជាតួអង្គសម្ដែង និងលើកញ្ចក់ទូរទស្សន៍ដូចមុនប៉ុណ្ណោះ ។ ជាកស្ដែងថ្មីៗនេះ តារាសម្តែងជើងចាស់រូបនេះបានចាប់ផ្តើមចូលសម្តែងវិញបណ្តើរៗឡើងវិញហើយ ។
ទន្ទឹមនឹងការវិលត្រឡប់មកជាតួអង្គក្នុងភាពយន្ដវិញនោះលោក ម៉េង ប៉ុនឡូ បានបង្ហើបនូវដំណឹងដ៏ចាប់អារម្មណ៍មួយ នោះគឺលោកត្រៀមនាំប្រពន្ធដែលជាអណិកជនអាមេរិកមករៀបការនៅប្រទេសកម្ពុជា ។
ថ្លែងប្រាប់ តារាញូស៍ លោក ម៉េង ប៊ុនឡូ បានឱ្យដឹងថា បច្ចុប្បន្នលោកមានប្រពន្ធ និងកូនប្រុសអាយុ២ឆ្នាំម្នាក់កំពុងនៅសហរដ្ឋអាមេរិក ដោយលោកបានរៀបការកាលពីឆ្នាំ២០១៩ ហើយពេលនេះលោកកំពុងត្រៀមនាំភរិយាមករៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនៅប្រទេសកម្ពុជាម្ដងទៀត ដើម្បីបង្ហាញមុខភរិយាជាសាធារណៈនៅពេលត្រឡប់មកស្រុកខ្មែរវិញ ក្នុងអំឡុងពេលមួយ ឬពីរឆ្នាំខាងមុខនេះ ។
សូមរំលឹកថា លោក ម៉េង ប៉ុនឡូ គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបកាលពីជាង១ទស្សវត្សមុន ដោយលោកបានសម្ដែងនៅក្នុងខ្សែភាពយន្ដខ្មែរល្បីៗជាច្រើនមាន ដូចជារឿង ចៅពស់កេងកង រឿង មន្តមាយា និងមានរឿងភាគជាច្រើនទៀត ។ ហើយស្នាដៃសម្ដែងមួយរបស់លោក ម៉េង ប៊ុនឡូ នៅតែធ្វើឱ្យទស្សនិកជនចងចាំមិនភ្លេចនោះ គឺគ្រាចាប់ដៃអ្នកនាង ចន ច័ន្ទលក្ខិណា ថតខ្សែភាពយន្ដខ្នាតធំរឿង ចៅពស់កេងកង ។ ថ្មីៗនេះលោបានបង្ហាញខ្លួនម្ដងទៀតក្នុងការសម្ដែងភាពយន្តបទចម្រៀងនិយាយពីខ្សែរជីវិតសម្ដេចតេជោ ហ៊ុន សែន ពីអតីតកាល ដែលផលិតឡើងដោយសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង៕