តារាចម្រៀង និងជាតារាសម្តែងវ័យ៣០ឆ្នាំល្បីឈ្មោះលំដាប់ពិភពហូលីវូត នាង Selena Gomez ថ្មីៗបានបង្ហើបប្រាប់ពីគ្រោងការណ៍ជីវិតរបស់នាងថា «នៅទីបំផុតទៅ នាងនឹងចាកចេញពីជីវិតក្នុងវិស័យសិល្បៈភាពយន្តហូលីវូត ហើយចំណាយពេលក្នុងជីវិតរបស់នាងក្លាយជាអ្នកម្តាយរីករាយម្នាក់ និងចិញ្ចឹមមើលថែរក្សាកូនៗជាទីស្រឡាញ់»។
នាង Selena Gomez និយាយនៅលើpodcast យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា នឹងបានរៀបការ និងក្លាយជាអ្នកម្តាយម្នាក់»។ « នៅទីបំផុត ខ្ញុំនឹងហត់នឿយគ្រប់យ៉ាង ក្នុងជីវិតពិភពសិល្បៈទាំងអស់នេះ ដូច្នេះខ្ញុំប្រហែលជាត្រូវយកពេលវេលាសេសសល់ទាំងឡាយដែលខ្ញុំមាន ប្រើក្នុងជីវិតជាអ្នកម្តាយចិញ្ចឹមកូនៗដ៏រីករាយម្នាក់»។
តារាចម្រៀងលំដាប់ពិភពលោករួបនេះ បានបង្ហើបប្រាប់អោយដឹងថា ប្អូនស្រីរបស់នាងដែលមានអាយុ៨ឆ្នាំ ធ្វើអោយនាងមើលឃើញពីជីវិតជាអ្នកម្តាយម្នាក់។ Gomez បន្តថា « ប្អូនស្រីរបស់នាងធ្វើអោយនាងមើលឃើញពីពន្លឺនៅចំពោះមុខ។ អារម្មណ៍ដែលមើលឃើញប្អូនស្រីនាងចម្រើនអ្វី គ្មានអ្វីដែលល្អប្រសើរជាងនេះឡើយ។ នាងយល់ថា នេះជាអារម្មណ៍របស់អ្នកដែលជាឳពុកម្តាយមាន ទោះនាងមិនមែនជាឳពុកម្តាយក៏ដោយ»។ «នេះជារង្វាន់ដ៏អស្ចារ្យដែលបានឃើញពីជីវិតដ៏សាមញ្ញមួយនេះនៅក្នុងជីវិត»។
ស្របគ្នាក៏មានដំណឹងថ្មីៗមកដែលថា តារាចម្រៀង និងជាតារាសម្តែងនាងSelena Gomez កំពុងស្ថិតនៅក្នុងការជជែកគ្នាលើការផលិតភាពយន្តជំនាន់ទសវត្សឆ្នាំ១៩៨០រឿង« Working Girl» ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេថាតើGomez គ្រាន់តែចូលរួមសម្តែងនៅក្នុងរឿងនេះ ឬក៏ចូលរួមផលិតខ្សែររឿងនេះដែរឬយ៉ាងណា។
តារាស្រីអាមេរិកនាង Selena Gomez ដែលមានឈ្មោះដើមពេញថា Selena Marie Gomez កើតនៅខែកក្កដាឆ្នាំ១៩៩២ នាងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងផងដែរ។ នាងចាប់ផ្តើមអាជីពក្នុងពិភពសិល្បៈចាប់តាំងពីឆ្នាំ២០០២ បន្តរហូតមកដល់ពេលបច្ចុប្បន្ន៕