តារាចម្រៀងលោក សុខ មេសា ហៅនាយ ចឺម បានបើកបង្ហាញវត្តមានរបស់នារីម្នាក់ ជាមួយនឹងភាពស្និទស្នាលដោយប្រាប់ថា ជាដៃគូថ្មី ស្របពេលដំណឹងប្រេះឆាជាមួយសង្សារចាស់អ្នកនាង សេខ សុខឃីម ទើបកើតមានឡើង។
តារាសម្តែងសាច់សខ្ចី សេង សុឃីម ដែលជាគូស្នេហ៍ពេញមុខរបស់នាយ ចឺម ហើយតែងបង្ហាញវត្តមានស្និទស្នាលជាមួយគ្នានាពេលកន្លងមក មួយរយៈចុងក្រោយនេះបានបង្ហោះសារប្លែកៗ បង្កើតនូវមន្ទិលសង្ស័យថា ចំណងស្នេហ៍របស់ពួកគេកំពុងតែរង្គោះរង្គើ ដោយភាគីខាងស្រីបានរុញនាយ ចឺម ទៅរកអ្នកទី៣ដែលកំពុងជ្រែកស្នេហ៍របស់ពួកគេនោះ។
ដោយឡែក ថ្មីៗនេះតារាចម្រៀងសម្បូរវោហារ និងមន្តស្នេហ៍នាយ ចឺម បានបង្ហាញនារីវ័យក្មេងម្នាក់ ថែមទាំងបានថតរូបជាមួយគ្នាបង្ហោះបង្អួតអ្នកគាំទ្រទៀតផង អមដោយសំណេរយ៉ាងខ្លីថា៖ «ដៃគូថ្មី បទថ្មីមួយ បទចាស់មួយ»។
ងាកមកអ្នកគាំទ្រវិញ បានបញ្ចេញមតិយោលព្រោងព្រាត និងបានធ្វើការវែកញែកនូវរូបភាព ដែលបានបង្ហាញនោះជាហូរហែ។ ក្នុងនោះមួយចំនួនបានបញ្ចេញមតិដែមមិនសមរម្យ ដោយចាត់ទុកតារាចម្រៀងរូបនេះថា មនុស្សសាវ៉ា គ្មានភាពស្មោះត្រង់ជាមួយស្នេហាជាដើម។ ដោយឡែកអ្នកគាំទ្រខ្លះទៀតបានសាកសួរពីដំណឹងរបស់អ្នកនាង សេង សុខឃីម ដែលធ្លាប់ជាសង្សារបណ្ដូលចិត្ត ហើយហ្វេនខ្លះទៀតបានស្នើឲ្យអ្នកទាំងពីរផ្សះផ្សារគ្នាវិញ ព្រោះពួកគេចង់ឃើញពួកគេបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាសារជាថ្មី។
បើយើងងាកមកមើលសំណេររបស់តារាស្រី សេង សុឃឃីម វិញ ត្រូវបានកត់សម្គាល់ឃើញថា បានបង្កប់នូវការខូចចិត្តជាហូរហែរ ទោះបីជាពួកគេមិនទាន់បានប្រកាសបែកគ្នាជាសាធារណៈយ៉ាងណាក៏ដោយ។ មានអ្នកគាំទ្រមិនតិចទេបានផ្តល់កម្លាំងចិត្តដល់តារាសម្តែង សេង សុឃីម ដោយលើកហេតុផលថា មិនខ្វះទេបុរសដែលល្អនឹងស្មោះត្រង់ចំពោះស្នេហា មិនបាច់ផ្ញើវាសនាជាមួយនាយ ចឺម ដែលប្ដូរសង្សារពីម្នាក់ទៅម្នាក់នោះទេ។
គេចាំបានថាមិនមែនជាលើកដំបូងទេកន្លងមក នាយចឺម ធ្លាប់បែកបាក់ស្នេហាជាមួយតារាស្រីរូបស្រស់ប្រមាណជាបីនាក់មកហើយដែលមានដូចជា អៀ ម៉េងលិ ពុធ ស្រីខួច និង ហ្វាហ្វា ហើយចុងក្រោយនេះ នាយ បានមកភ្ជាប់ស្នេហ៍ជាមួយតារាសម្តែង សេង សុឃីម ដោយពួកគេថែមទាំង ទិញផ្ទះវីឡា និង រថយន្តរូមគ្នាទៀតផងហើយកន្លងមកកូនប្រុសរបស់ សេង សុឃីម ក៏បានហៅ នាយចឺម ថាជាប៉ាប៉ា យ៉ាងពេញមាត់ផងដែរ។
ជុំវិញចម្ងល់ពីទំនាក់ទំនងស្នេហាប្រេះឆារនេះ អ្នកមេម៉ាយ សេង សុខឃីម អះអាងយ៉ាងខ្លីមកកាន់តារាញូស៍ថា នាងមិនចង់និយាយអ្វីដែលនាំឲ្យប៉ះពាល់កិត្តិយសរបស់តារាចម្រៀងនាយ ចឺម នោះទេ ទោះបីជាពួកគេហាក់នៅរយាលឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ អ្នកនាង សេង សុខឃីម បញ្ជាក់យ៉ាងខ្លីថា៖ “រឿងបែកមិនបែកអាស្រ័យលើ ចឺម មិនមែនអាស្រ័យលើខ្ញុំទេ”។
សូមបញ្ជាក់ថា ថ្មីៗនេះមានការបង្ហោះជាបន្តបន្ទាប់នូវសំណេរបង្កប់ដោយការខូចចិត្តពីសំណាក់អ្នកនាង សេង សុខឃីម ចំពោះតារាចម្រៀងនាយ ចឺម ធ្វើឲ្យមហាជនយល់ថា ស្នេហារបស់ពួកគេមកដល់ផ្លូវបំបែក។ ជាមួយគ្នានោះនាយ ចឺម បានរក្សាភាពស្ងៀមស្ងាត់រហូតមក ស្រាប់តែពេលបានបង្ហាញដៃគូថ្មី ធ្វើឲ្យមហាជនមានមន្ទិលយ៉ាងខ្លាំង៕