អតីតពិធីករ CTN គឺលោក VJ រតនា បានចេញមុខទម្លាយពីប្រវត្តិធ្លាក់ដល់បាតដី ក្រោយទទួលបរាជ័យលើមុខជំនួញលើកដំបូង សូម្បីបងប្អួនក៏គេមិនមើលមុខ។
តារាសម្តែង និងជាពិធីករ VJ រតនា ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកសិល្បៈដូចគ្នាជាមួយអ្នកនាង លឹម លីហ្សា រួចមកលោកបានឃ្លាតឆ្ងាយពីសិល្បៈ ងាកទៅកសាងជីវិតគ្រួសារយ៉ាងសាមញ្ញ ដោយចាប់របររកស៊ីជំនួសអាជីពសិល្បៈវិញ។ ក្នុងនោះគេសង្កេតឃើញប្ដីប្រពន្ធអ្នកទាំងពីរខិតខំលក់ទំនិញអនឡាញមិនគិតថ្ងៃយប់ឡើយ។
ទោះបីជាយ៉ាងណា អ្វីដែលប្រិយមិត្តបានឃើញត្រឹមតែភាពជោគជ័យដែលពួកគេបានបង្ហាញប៉ុណ្ណោះ។ ប៉ុន្តែនៅក្រោយខ្នងភាពជោគជ័យនេះ គឺបង្កប់ដោយភាពបរាជ័យជាបន្តបន្ទាប់ស្ទើរតែងើបលែងរួចទម្រាំទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ។
VJ រតនា បានរំលឹកថា ដំបូងឡើយលោកបើកហ្គារាសសាំង។ របរមួយនេះបានធ្វើឲ្យលោកខាតបង់យ៉ាងធ្ងន់ធ្ងរស្ទើរងើបមុខលែងរួចហើយ និងទទួលបានការមាក់ងាយ សូម្បីបងប្អូនក៏មិនសូវរាប់រកផងដែរ។
ដោយ Vj រតនា បាននិយាយថា ៖ គ្រាដែលខ្ញុំចាប់ផ្តើមបរាជ័យភ្លាម ពេលនោះគឺមានតែម្តាយក្មេក និង ម្តាយបង្តើតតែពីរនាក់ប៉ុណ្ណោះ ដែលលើកទឹកចិត្តដល់រូបខ្ញុំ ក្រៅពីហ្នឹងអ្នកស្គាល់គ្នាគឺគេនាំជាន់ពន្លិចរូបខ្ញុំបន្ថែមតែម្តង។ នៅពេលដែលបរាជ័យ គឺគេមើលងាយខ្លាំងមែនទែន ដោយអ្នកខ្លះថាខ្ញុំនៅក្មេងទេតែចង់ធ្វើថៅកែទាំងក្មេង។ គេអ្នកមានលុយរាប់លាន់ដុល្លារ គេមិនបើកផងចុះ ឯងហ្នឹងស្អីដែរ មានលុយត្រឹមបួនប្រាំម៉ឺនដុល្លារទៅបើកអីដែរ”។
Vj រតនា បញ្ជាក់ថា អ្នកដែលនិយាយមើលងាយមករូបលោកនៅពេលនោះមិនមែនជាអ្នកដទៃនោះទេ គឺជាសាច់ញាតិជិតដិតរបស់លោកតែម្តង ។យ៉ាងណាមិញក្រោយរងពាក្យមើលងាយទាំងនោះ លោកនិង ភរិយា បានខិតខំព្យាមតស៊ូជាមួយគ្នា រកស៊ីឡើងវិញពីបាតដៃទទេ រហូតទទូលបានជោគជ័យ ដោយមានរបរជាច្រើននៅក្នុងដៃ។
ទន្ទឹមនឹងជោគជ័យផ្នែកជំនួញនេះ VJ រតនា ត្រូវមហាជនសរសើរថា ជាអតីតពិធីករមួយរូប ដែលឡើងកូដខ្លាំងផ្នែកជីវភាពក្រោយរៀបអាពាហ៍ពិពាហ៍។ ម្យ៉ងទៀតរូបគេក៏បានរៀបចំគ្រួសារបានល្អប្រកបដោយសុភមង្គលទៀតផង ពោលគឺជោគជ័យទាំងជីវិតគ្រួសារ និងមុខរបរព្រមគ្នាតែម្ដង។
គួរបញ្ជាក់ដែរថា Vj រតនា គឺជាអតីតពិធីករដ៏ល្បីឈ្មោះមួយរូបរបស់ CTN កាលពីអំឡុង២០១៥។ ក្រោយមកលោកក៏បានដកខ្លួនចេញពីសិល្បៈ បន្ទាប់ពីរៀបការ ជាមួយភរិយា ដែលជាអ្នកសិល្បៈ និង ជាអ្នកជំនួញម្នាក់កាលពីអំឡុង២០១៦ ដោយបច្ចុប្បន្នមានកូនចំនួន៣នាក់ហើយ៕