ភ្នំពេញ៖ នៅអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា នេះ តារាសម្ដែង និងម៉ូដែល អ្នកនាង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវវេងស្រេង ។ គ្រោះថ្នាក់ចរាចរណ៍ រវាងតារាចម្រៀងក្រមិចក្រមើមរូបនេះ បានកើតឡើងបន្ទាប់ពីអ្នកនាង ទូច ស្រីល័ក្ខ ចេញពីខួបកំណើតរបស់ខ្លួន ដោយបានបើករថយន្តស៊េរីទំនើបម៉ាក BMW បុកនឹងម៉ូតូហុងដាឌ្រីម ដែលជិះបញ្ច្រាសទិសគ្នា អូសប្រមាណជា ១គីឡូម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងគ្រោះរងរបួសដៃ និងជើង ។
ភ្លាមៗនៅក្នុងហេតុការណ៍នោះ គេឃើញលោក ប៉ែន ចំរ៉ុង តារាសម្ដែង និងជាពិធីករផងនោះ ក៏ចេញមុខជួយដោះស្រាយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយភាគីម្ចាស់រថយន្តតារាចម្រៀង ទូច ស្រីល័ក្ខ បានយល់ព្រមយកជនរងគ្រោះជាម្ចាស់ម៉ូតូទៅព្យាបាល និងជួសជុលម៉ូតូឲ្យស្អាតឡើងវិញ ដោយមិនចង់វែងឆ្ងាយរំខានដល់សមត្ថកិច្ចមកដោះស្រាយ៕
