ភ្នំពេញ៖ កាលពីជិតកន្លះឆ្នាំមុខ តារាកំប្លែងប្រចាំក្រុម នាយកុយ នាង ប្រិមប្រិយ បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគូដណ្ដឹង សៅ រ៉ានីត បន្ទាប់ពីភ្ជាប់ពាក្យជាមួយគ្នាមិនទាន់បាន ២ខែស្រួលបួលផង ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា។ ថ្មីៗនេះ មានការបង្ហើបប្រាប់ពីមិត្តភក្ររួមអាជីពជាមួយតារាកំប្លែងរូបស្រស់ នាង ប្រិមប្រិយ ថា “ពេលនេះតារាកំប្លែងនាង ប្រិមប្រិយ បានត្រូវរ៉ូវគ្នាជាមួយគូដណ្តឹងវិញហើយ ដោយពួកគេទាំងពីរមានគម្រោងដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗខាងមុខនេះ” ។

តារាកំប្លែងរូបស្រល់ស្អាតគួរឲ្យស្រលាញ់រូបនេះ ធ្លាប់បានអះអាងថា “រវាងនាង និងគូដណ្ដឹងស្គាល់គ្នាមិនក្រោម៧ឆ្នាំនោះទេ ទើបតែសម្រេចចិត្តភ្ជាប់ពាក្យពោល គឺតាំងពីមុនលោក សៅ រ៉ានីត ចុះពីអាមរិកមកប្រលងចម្រៀងនៅក្នុងប្រទេសកម្ពុជានៅក្នុងមហោស្រពចម្រៀងសម័យអន្តរជាតិកាលពីច្រើនឆ្នាំមុន” ។ ពាក់ព័ន្ធនឹងដំណឹងនេះ មិនទាន់មានការស្រាយបំភ្លឺពីសាមីខ្លីឡើយ ដោយបច្ចុប្បន្នតារាកំប្លែង ប្រិមប្រិយ កំពុងតែមមាញឹកក្នុងការថតរឿងឲ្យស្ថានីយទូរទស្សន៍ហង្សមាស រឿង “កូនពស់កេងកង” ៕