កែប៖ ព្រឹត្តិ​ការណ៍​​ទេសចរណ៍​ដ៏​ធំ​ប្រចាំប្រទេសកម្ពុជា គឺ ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ ប្រារព្ធនៅខេត្តកែប ថ្ងៃទី២២ ២៣ ២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ឆ្នេរសមុទ្រ​បៃតង៖ អនាគត គឺ​បច្ចុប្បន្ន” នឹងថ្លែងបើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នា​ថ្ងៃ​ទី​២៣ ធ្នូ នៅ​មុខ​សាលាខេត្ត​កែប ។

ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០១៧ នឹងប្រារព្ធនៅខេត្តកែបនេះ រំពឹង​ថា នឹង​មាន​មនុស្ស​មក​លេង​កម្សាន្ដ​ចូល​ខ្ទង់លាន​នាក់ ព្រោះនឹងមានមានកម្មវិធីជាច្រើនសម្រាប់បងប្អូនចូលទៅទស្សនា ការសម្តែងសិល្បៈ ការបង្ហោះគោម ការ​បង្ហាញ​សម្លៀក​បំពាក់​កែ​ច្នៃ ការបង្ហាញវត្ថុអនុស្សាវរីយ៍ ការ​ជប់លៀងតាម​ឆ្នេរ​ខ្សាច់ និងកម្មវិធីកីឡាផ្សេងៗ ដូច​ជា ជិះទូកក្តោង ជិះម៉ូតូ​ទឹកជាដើម ។

បើ​តាម​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ​បាន​លើក​ឡើង​ថា៖ «ខេត្ត​កែប​មិន​មាន​សមត្ថភាព​ពេញលេញ​ទទួលភ្ញៀវ​ពេល​បុណ្យ​សមុទ្រ ដែល​មាន​មនុស្ស​ពី​២០​ទៅ​៣០​ម៉ឺន​នាក់​បាន​ទេ ខណៈ​កន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​មាន​តែ​ជាង​១​ពាន់​បន្ទប់​ប៉ុណ្ណោះ ។ យើង​មិន​អាច​ធានា​ភ្ញៀវ​ជាង​២​សែន​នាក់​បាន​ទេ ព្រោះ​កន្លង​មក មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​រហូត​ដល់​ទៅ​២០​ទៅ​២៥​ម៉ឺន​នាក់ ប៉ុន្តែ​សំណាងល្អ យើង​មាន​ខេត្តកំពត ព្រះ​សីហ​នុ កោះកុង ក៏​ជា​តំបន់​សមុទ្រ​ដែរ អីចឹង​ហើយ​ពួក​គាត់​អាច​ទៅ​សម្រាក​នៅ​ខេត្ត​ជិត​ៗ​បាន និង​មួយ​ចំនួន​ទៀត​សម្រាក​នៅផ្ទះ​ប្រជាពលរដ្ឋ» ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ៖« អ្នក​មក​ទស្សនា​បុណ្យ​សមុទ្រ​មួយ​ចំនួន អាច​បោះ​តង់​សម្រាក​​ជា​ក្រុម​តាម​តំបន់​សាធារណៈ ដែល​ភាគច្រើន​ជា​ក្រុម​យុវជន យុវនារី ហើយ​ខេត្ត​​នឹង​ផ្តល់​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ដល់​ពួក​គេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លេង​សប្បាយ និង​ប្រកបដោយ​សុវត្ថិភាព» ។