ភ្នំពេញ៖ តារា​ចម្រៀង លោក យឹម យន ដែល​ធ្វើ​ឲ្យ​មហា​ជន​ជា​ច្រើន​បាន​ស្គាល់​តាម​រយៈ​ការ​និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង ។ ថ្មីៗនេះ តារា​​ចម្រៀង​សម្បុរ​ខ្មៅស្រអែម​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​​​មុខ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា គ្រោងចំណាយទឹកប្រាក់ប្រមាណខ្ទង់១ម៉ឺនដុល្លារ ដើម្បីផលិត​បទ​ចម្រៀង Original ។ តារា​ចម្រៀង​រូប​នេះ​​បាន​បន្ត​ទៀត​ថា Album Original song ដែល​ទូត​អាមេរិក​គ្រោង​​រៀបចំ​កម្មវិធី​សម្ពោធ​ឲ្យ​លោក មាន​ទាំង​អស់​១១បទ ដោយ​នៅ​ក្នុង​នោះ​បទ​ចម្រៀង​ដែល​ថត​ជា ​MV ​រួច​មាន​៤បទ នៅ​សល់ ​៧បទ គ្រោង​ថត​បញ្ចប់ បន្ទាប់​ពី​ទទួល​បាន​ថវិកា​ ក្រោយ​ការ​រៀប​ចំ​​ពិធី​រួច។ កម្មវិធី​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៥ ខែ ធ្នូ ឆ្នាំ ២០១៧ នៅ CKCC ដោយ​គ្រោង​អញ្ជើញ​​ភ្ញៀវ​ខ្ទង់​៤០០នាក់​ចូល​រួម។

មូល​ហេតុ​ដែល​នាំ​ឲ្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា គាំទ្រ​ស្នា​ដៃ​របស់​លោក យឹម យន ពីព្រោះ​កាល​ពីឆ្នាំ​២០១៣ លោក​បាន​និពន្ធ​បទ “សម្រល់​ហ្វូរីដា” បន្ទាប់​មក​លោក​បាន​ចេញ​ទៅ​ច្រៀង​ក្នុង​កម្ម​វិធី One Beat នៅ​អាមេ​រិក ធ្វើ​ឲ្យ​មាន​អ្នក​គាំទ្រ​ខ្លាំង​ពី​សំណាក់​បង​ប្អូន​រស់​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​​ទូត​អាមេ​រិក​ប្រចាំ​នៅ​​កម្ពុជា។ តាម​រយៈការ​ផលិត​ស្នាដៃ​មិន​ថត​ចម្លង​ពី​គេ​នេះ តារា​ចម្រៀង យឹម យន សង្ឃឹមយ៉ាង​មុត​​មាំ​ថា “ក្រោយ​ផលិត Album Original song នេះ​រួច លោក​នឹង​កាន់​តែ​មាន​ឱកាស ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​មហាអំណាច​នេះ កាន់​តែ​ញឹក​ថែម​ទៀត” ៕