វៀតណាម៖ រំលឹកអនុស្សាវរីយ៍បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា ខិតខំយ៉ាងស្វិតស្វាញប្រកួតក្នុងកម្មវិធី Miss Grand International ដែលចាប់ដើមអំឡុងដើមខែតុលា និងត្រូវបញ្ចប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ប្រារព្ធឡើងនៅប្រទេសវៀតណាម។ តើបវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានពុះពារហែលឆ្លងឧបសគ្គអ្វីខ្លះ ទម្រាំបានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ? តារាញូស៍សូមរំលឹកពីភាពជោគជ័យរបស់កញ្ញា ខ្លឹម ស្រីគា ក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Grand ដូចតទៅ៖ កាលពីដើមខែតុលា ឆ្នាំ ២០១៧ បវរកញ្ញាទាំងអស់តម្រូវឲ្យប្រកួតលើវិញ្ញាសា “តំណាងជាតិ” ខណៈពេលនោះបវរកញ្ញាកម្ពុជាកញ្ញា ខ្លឹម ស្រីគា បានគ្រងឈុត «ទេវីក្រុងកម្ពុជាធិបតី» ដោយទទួលបានជោគជ័យយ៉ាងធំ គឺបវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបវរកញ្ញាឥណ្ឌូនេស៊ីលេខ១ និងបវរកញ្ញាវៀតណាមលេខ២ ។
ចំណែកឯវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីបានដាក់វិញ្ញាសា “ឈុតហែលទឹក” បវរកញ្ញាកម្ពុជាបានគ្រងឈុតសម្លៀកបំពាក់ហែលទឹក បញ្ចេញរាងយ៉ាងស្រស់ស្អាត នៅក្នុងការប្រលងនេះផងដែរ ហើយអ្វីដែលគួរឱ្យត្រេកអរនោះគឺ បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានជាប់ចំណាត់ថ្នាក់លេខ៤ ដែលឥណ្ឌូនេស៊ីលេខ១ វៀតណាមលេខ២ និងហ្វីលីពីនលេខ៣ ។ ដោយឡែកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ២ថ្ងៃ បវរកញ្ញា ខ្លឹម ស្រីគា ត្រូវបានជាប់បេក្ខភាពដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេសម្រាប់ការរាំបើកឆាកនៅវគ្គផ្តាច់ព្រ័ត្រ ដោយបវរកញ្ញាកម្ពុជាទទួលបានសំឡេងក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបេក្ខភាព ២រូបទៀតមានបវរកញ្ញាវៀតណាម និងឡាវ ។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយខ្លាំងបំផុតនោះ គឺនៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា មិនបានជាប់ក្នុងវគ្គផ្តាច់ព្រ័ត្រទេ ។ តែបើទោះជា កញ្ញា ខ្លឹម ស្រីគា មិនទទួលបានជ័យលាភី ពិតមែន ក៏កញ្ញាទទួលបានពានរង្វាន់ប្រជាប្រិយភាពលើបណ្ដាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរ ៕