ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី ២៥ តុលា ឆ្នាំ២០១៧ មាន​កិច្ច​ប្រជុំ​ស្តីពី “ការជំរុញកា​រអនុវត្ត​វិធាន​ការណ៍ ៥ចំណុច ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ និង​ភាព​យន្ដ​ខ្មែរ” ក្រោម​អធិបតី​ភាព​លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​សមាស​ភាព​ចូលរួមផ​លិតករ​មក​ពី​ផលិត​កម្ម​នានា ។ វិធាន​ការ ១ ចំណុច​ក្នុង​ចំណោម ៥ចំណុច លើ​វិស័យភាព​យន្ត គឺ​ការ​ប្រមូល​ពន្ធ​​លើ​វិស័យភាព​យន្ត​ខ្មែរ ដែល​ជា​ការ​ខក​ចិត្ត​ពី​សំណាក់​ផលិត​ករ​ជា​ច្រើន និង​បាន​បង្ហាញ​ពីក្តី​ព្រួយបារម្ភ នៃ​ការធ្លាក់​ចុះសារ​ជាថ្មី​នៃវិស័យ​ភាពយន្ត​ខ្មែរ ក្រោយ​ពេល​ក្រសួង​វប្បធម៌ ប្រកាស​យកពន្ធ​ទៅលើការ​ផលិត​ភាព​យន្ត ច្រើន​ហួស​ហេតុ ដែល​នេះ​ជាបញ្ហា​ដ៏ធ្ងន់​ធ្ងរ​មួយ ធ្វើ​ឲ្យ​ផលិត​កម្ម ស្ទើរ​តែទាំង​អស់​អាច​នឹង​បង្ខំ​ចិត្ត ត្រូវ​ផ្អាក​សកម្មភាព​ផលិត​ភាព​យន្ត​របស់​ខ្លួន។ ក្នុង​កិច្ចប្រជុំ​នោះ ផលិតករ​ជាច្រើន​ក៏បាន​លើកឡើ​ង​ពីការ​លំបាកនាន ​គ្មាន​​លទ្ធភាពបង់​ពន្ធ​ដ៏ច្រើន​ជូន​រដ្ឋ​ទេ និង​ស្នើសុំឲ្យ​បន្ធូរ​បន្ថយ​ពន្ធ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​លោក​ជំទាវ​រដ្ឋម​ន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បដិសេដ​មិន​ទទួល​យក​ឡើយ ។

ផលិតករ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក ក្នុង​ចំណោម​ផលិត​ករ​ជាច្រើន​បាន​រៀបរាប់​ប្រាប់​ថា “ពន្ធ​ដែល​ត្រូវ​បង់មាន​រហូត​ដល់ ១១​ចំណុច និង មាន​ភាព​ស្មុក​ស្មាញ ហើយ​ប្រាក់​ពន្ធ​ត្រូ​វបង់ក៏​កាន់​តែ​ច្រើន” ។ ផលិតករ​ដដែល​បានបន្ត​ថា «ពន្ធទី១ គឺពន្ធ​ពី​ចំណូល​នៃការបញ្ចាំងក្នុងរោង កាត់១០ភាគរយទៅរដ្ឋ។ ទី២ ក្រោយ​ចែក​ជាមួយរោង​កុន ត្រូវ​កាត់១ភាគរយ​ទៅរដ្ឋ។ ទី៣ ត្រូវ​បង់ពន្ធ​អាករ១០ភាគរយ រៀង​រាល់​ខែ នៃ​ប្រាក់​ចំណូល​របស់​ផលិតកម្ម។ ទី៤ ត្រូវបង់ពន្ធ (vat) ប្រចាំ​ឆ្នាំ។ ទី៥ ពន្ធកាត់​ទុក​ពីប្រាក់​ចំណូល​ចំនួន ១៥ភាគរយ។ ទី៦ គឺកា​រ​កាត់​ពន្ធ ១០​ភាគរយ​ពី​តម្លៃ​ជួល​ទីតាំង ការិយា​ល័យ។ ទី៧ ពន្ធកាត់​ពីបុគ្គលិក​ពេញ​ម៉ោង១០ភាគរយ សម្រាប់​បុគ្គលិក​មាន​ប្រាក់​បៀវត្សរិ៍ ចាប់ពី ៣០០ដុល្លារ​អាមេរិក​ឡើង​ទៅ។ ទី៨ ពន្ធ​លើ​អ្នក​ដឹក​នាំ​សម្តែង អ្នកនិពន្ធ ក្រុម​ការងារ​ផលិត សិល្បករ ចំនួន ១០ភាគរយ។ ទី៩ ពន្ធ​លើ​កម្ម​សិទ្ធិ ឬស្នាដៃ ចំនួន ១៥ភាគរយ។ ទី១០ ពន្ធកម្រៃ​នៃ​ប្រាក់​ចំណូល​តួ​សម្តែង ១៥ភាគរយ និងទី១១ ពន្ធ​លើការ​ជួល​ទីតាំង​ថត ការ​ជួល​សម្ភារៈ១០ភាគរយ»។

បញ្ហាពន្ធ និង​បញ្ហា​ប្រឈម​ជា​ច្រើន សម្រាប់​ផលិតករ​នេះ ត្រូវ​បាន​គេជឿជាក់​ថា នឹង​ធ្វើឲ្យ​ផលិត​កម្ម​ស្ទើតែ​ទាំង​អស់ ផ្អាក​ការ​ផលិត​របស់​ខ្លួន ព្រោះ​តែ​ប្រាក់​ចំណូល ដែល​ទទួល​បាន​ក្រៅ​ពី​ចែក​ពាក់​កណ្តាល ជាមួ​យ​រោងកុន ហើយ​ត្រូវ​យក​មក​កាត់​ពន្ធ ជូន​រដ្ឋ​ជាច្រើន​ទៀត ខណៈ​ផលិតកម្ម​ខ្លះ​មួយ​ឆ្នាំ​ចេញ​ថត ស្ទើរ​មិន​បាន​មួយរឿង​ផង ត្រូវ​ប្រឈម​នឹង​បញ្ហាប្រាក់​ចំណូល​ទៀត តើមានប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់មកពីណាសម្រាប់បង់ពន្ធនោះ គឺមានតែត្រូវ​បង្ខំ​ចិត្ត​បិទផ​លិតកម្មចោល​តែម្តង ៕