ភ្នំពេញ៖ បន្ទាប់ពីមានការល្បីដ៏កក្រើកថា កីឡាការនីតៃក្វាន់ដូ សន សៀវម៉ី ត្រូវរបួលគ្មានក្រសួងស្ថាប័ន ឬ អ្នកណាមកជួយឈឺឆ្អាល ធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានបានខឹងសម្បាយ៉ាងខ្លាំងទៅលើក្រសួងពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហភាពកីឡាកម្ពុជា ។ ដើម្បីស្រាយការយល់ច្រលំ កាលពីល្ងាចថ្ងៃទី២៦ ខែតុលានេះ កីឡាការនីតៃក្វាន់ដូរូបនេះបាន Live វីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា “ការភ្ញាក់ផ្អើលថានាងខ្ញុំគ្មានអ្នកណាមកឈឺឆ្អាលពេលនាងខ្ញុំមានរបួសនោះ មិនមែនជាការពិតទេ គ្រាន់តែជាការយល់ច្រលំរបស់បងប្រុសនាងខ្ញុំ ព្រោះខ្ញុំមិនបានប្រាប់គាត់ឲ្យបានក្បោះក្បាយ ហើយគាត់ (បងប្រុស សន សៀវម៉ី) បារម្ភពីខ្ញុំ គាត់ក៏និយាយដូច្នោះទៅ តាមពិតក្រសួងអប់រំបានរត់ការឲ្យនាងខ្ញុំទៅព្យាបាលជង្គង់នៅប្រទេសកូរ៉េ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នេះហើយ” ។

ចំណែកការយល់ច្រលំមួយទៀតថា ក្រសួងអប់រំ និង សហព័ន្ធសហភាពកីឡាកម្ពុជា ស៊ីដាច់លុយប្រាក់រង្វាន់ និងលុយមេដាយនោះ កីឡាការនីតៃក្វាន់ដូរូបនេះ បានបដិសេធជុំវិញរឿងនេះ និងបានបញ្ជាក់បន្ថែមទៀតថា “រឿងបញ្ហាប្រាក់រង្វាន់មិនមែនឈ្នះភ្លាម បានប្រាក់រង្វាន់ភ្លាមនោះទេ គឺខាងក្រសួងត្រូវមានលិខិត ក៏ដូចជាដំណាក់កាល ក្នុងស្នើជាច្រើនទៀត ដោយសាររឿងហ្នឹងខាងក្រសួងផ្ទាល់មិនមែនជាអ្នកកាន់ថវិកានោះ ហើយរាល់លើកនាងខ្ញុំបានបើកប្រាក់រង្វាន់ទាំងនោះ មិនដែលបាត់មួយកាក់មួយសេនទេ” ។

ក្នុងវីដេអូ Live នោះ កីឡាការនីជាម្ចាស់មេដាយស៊ីហ្គេមរូបនេះ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធសហភាពកីឡាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការនីគ្រប់ៗរូប ។ ជាពិសេសកីឡាការនីរូបស្រស់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ៤លានរៀន ដល់កញ្ញាសម្រាប់ព្យាបាលជំងឺទៀតផង ៕

សូមទស្សនាវីដេអូ!!