ភ្នំពេញ៖ ពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុកជាពិធីបុណ្យ ១ក្នុងចំណោមពិធីបុណ្យធំៗ៣ របស់ព្រះរាជាណាចក្រកម្ពុជា រួមមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ។ ពិធិបូណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នេះ ប្រារព្ធរៀងរាល់ឆ្នាំ នៅទន្លេចតុមុខ មានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៤, ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងខែវិច្ឆិកា ។ តារាញូស៍ សូមរៀបរាប់ត្រួសៗពីប្រវត្តិពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ អកអំបុក ដែលកូនខ្មែរគ្រប់រូបគួរយល់ដឹង៖ ប្រវត្តិនៃការអុំទូកមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្ករ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មកម្ល៉េះ ដើម្បីរំឭក ដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវចាម ។ ក្នុងចម្លាក់នៅប្រាសាទអង្គរវត្ត ឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាលក្ខណ៍ នៃព្រះបាទជយវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំង នាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។ក្រោយទទួលបានជ័យជំនះលើប្រទេសចាម អំឡុងសតវត្សទី ១២ ក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ក្រោមស្នាព្រះហស្ត​ដឹកនាំដោយព្រះបាទជយវរ្ម័នទី ៧ ។

រីឯប្រវត្តិនៃការបណ្តែតប្រទីប ធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ព្រះគង្គានិងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌ គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់គ្នា ។ ពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញបូណ៌មី ខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែតប្រទីបនៅយប់១៤-១៥កើត និង១រោជខែកត្តិក។

ចំណែកឯប្រវត្តិនៃការសំពះព្រះខែ និងអកអំបុក បានតំណាលថា ព្រះបរមពោធិសត្វ នៃយើង ទ្រង់យោនយកកំណើតជាបណ្ឌិត “កំណើតជាទន្សាយ” ។ នៅថ្ងៃពេញបូណ៌មីមួយ បណ្ឌិតទន្សាយបានអធិដ្ឋានឧបោសថសីល ដោយហ៊ានបរិច្ចាគទានអ្វីៗគ្រប់យ៉ាង សូម្បីតែសាច់ស្រស់របស់ខ្លួនឯង ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំបរិភោគសត្វទន្សាយ ពេលនោះសត្វទន្សាយបានឲ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេល ដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅ ទន្សាយ ក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វស្អិតដែលជាប់នៅនឹងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។ អស្ចារ្យណាស់ភ្លើងកំពុងឆេះសន្ធោរសន្ធៅនោះ មិនបានឆេះទន្សាយទេ ដោយព្រះឥន្ទ ដែលក្រឡាខ្លួនព្រាហ្មណ៍ចាស់នោះ បានស្ទុះទៅទន្សាយជាតិជាព្រះពោធិសត្វ ឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយព្រះឥន្ទ អធិដ្ឋានថា “សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់នឹងព្រះច័ន្ទរហូតដល់ទីបំផុត” ។ ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ ៕