ភ្នំពេញ៖ ក្នុងក្តីអស់សង្ឃឹម រស់នឹងជីវភាពទាល់ អាស្រ័យនឹងដំបូងជួលគេជ្រកផង អ្នកស្រី សុជាតា ជាម្ដាយរបស់ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលស្ថិតក្នុងសភាពជំងឺបេះដូងធ្ងន់ធ្ងរ ។ ខណៈអ្នកស្រីក៏បង្ហើបថា «គ្រូពេទ្យប្រាប់ថា ជំងឺ ចរណៃ អាចសង្គ្រោះបាន ត្រូវចំណាយដល់ទៅ២ម៉ឺនដុល្លារ»។
ក្នុងសំដីពោលបែបអស់សង្ឃឹមថា «ពេលនេះ សភាពជំងឺដាច់សរសៃបេះដូង ចរណៃ កូនស្រីខ្ញុំ កំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ហើយទាំងខ្ញុំ ជាម្តាយក៏មិនដឹងថា ត្រូវពឹងអ្វី ស្រវ៉ាអីមកដោះដូរដើម្បីបានប្រាក់មកព្យាបាលជំងឺកូនស្រីទេ។
ម្តាយ កញ្ញា ពេជ្រ ចរណៃ បានសារភាពថា «កាលពីយប់ថ្ងៃទី២៧ ខែតុលា ដោយសារតែអត់មានលទ្ធភាពបញ្ជូនទៅវះកាត់ តាមការកំណត់ ព្រោះការវះកាត់ត្រូវចំណាយថវិកាជិត២ម៉ឺនដុល្លារឯណោះ ខ្ញុំក៏សម្រេចចិត្តយកនាងចេញមកផ្ទះ។ ប៉ុន្តែយ៉ាងណាអ្នកស្រីថា «មានតែមធ្យោបាយវះកាត់តសរសៃប្រើសបេះដូងតែមួយគត់ ដែលអាចដោះស្រាយបាន។ តែ ពេលនេះខ្ញុំមិនមានលទ្ធភាពនឹងរកលុយណាបាន២ម៉ឺនដុល្លារ ហើយក៏មិនដឹងថាត្រូវរកមកពីណាបាន ក្នុងមធ្យោបាយណានោះដែរ»។
ក្នុងសភាពទាល់ច្រកនោះ ទាំងជីវភាពក៏គ្មានទីពឹងរស់នៅក្រោមដំបូលជួលគេស្នាក់នៅនោះ ម្តាយតារាសម្តែង ដែលល្បីខាងសម្តែងតួវាយប្រយុទ្ធ មិនញញើតសត្រូវ ក្នុងយុទ្ធសាស្រ្តក្បាច់គុនល្បុកក្តោ កញ្ញា ពេជ្រ ចរណៃ អ្នកស្រីក៏ពោលថា «ពេលនេះដើម្បីកូនស្រីម្នាក់ នេះ ខ្ញុំមានតែដាច់ចិត្ត លើកដៃសុំជំនួយពីសប្បុរជនទេ ព្រោះខ្ញុំ ក៏មានតែនាងដែរពេលនៅជា នាងជាបង្កោលគ្រួសារ»។
