ភ្នំពេញ៖ ថ្មីៗនេះភាពរញ្ជើបរញ្ជួលរឿងផលិតករភាពយន្ត បានផ្ទុះឡើងកក្រើកលើវិថីសិល្បៈទី៧ ទាក់ទិនទៅនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសតម្លើងព័ន្ធជុំវិញទីផ្សារនៃការផលិតភាពយន្ត។ ក្នុងនោះព្រមនឹងផលិតកម្មមួយចំនួនប្រកាសបិទទ្វារ ក៏មានតារាភាពយន្តមួយចំនួនត្អូញទីផ្សារថយចុះ នោះអ្នកនាង ឆៃលី ដាឡែន ក៏ចេញសារតូចចិត្តត្បិតអាជីពសិល្បៈរួមតូច។

នៅថ្ងៃម្សិលម៉ិញ តារាសម្តែងនិងចម្រៀង ងារតារានិយមតែងខ្លួនបែបយ៉េៗចំហដើមទ្រូង អ្នកនាង ឆៃលី ដា​ឡែន​បានសរសេរសាបង្ហោះនៅលើគណនីយហ្វេសប៊ុក លើកទាំងអស់សង្ឃឹម« ហ៊ឺ!! មើលទៅប្រហែលជាមិនបានថតកុនទៀតទេ»។ បន្តសារនោះ នាងក៏បានបញ្ជាក់យ៉ាងដូច្នេះថា«ព្រោះផលិតកម្ម ផលិតករឈប់ផលិតអស់ហើយ បើត្រូវបង់ពន្ធចូលរដ្ឋច្រើនម្លឹងៗ អញ្ចឹងមានតែច្រៀង តែបើច្រៀងគិតពន្ធទៀត អញ្ចឹងអូនមានតែទៅលក់នំDonutឲ្យម៉ាក់អូនហើយ»។

ជាមួយគ្នានោះនាងក៏ទទួចសុំសម្តេច ហ៊ុន សែន នឹង លោកជំទាវ ជួយអន្តរាគមន៍ ដោយរៀបរាប់ថា«តែបើបងប្អូននៅគាំទ្រការសម្តែងរបស់ខ្ញុំនឹងគាំទ្រភាពយន្តខ្មែរ ចង់ឲ្យភាពយន្តខ្មែរនៅមានបន្ត សូមជួយshare ដើម្បីសុំអង្វរស្នើរសុំសម្តេចនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នឹង លោកជំទាវ សូមលោកអនុគ្រោះនឹងមេត្តា ពន្យាពេលដល់ផលិតកម្ម ផលិតករ ផង បើមិនអញ្ចឹងទេសិល្បករនឹងសិល្បការី ប្រាកដជាដាច់បាយនឹងលែងមានការ​ងារ​ធ្វើហើយ»។ អ្នកនាងក៏បានលើកឡើងដែរថា«ជាពិសេសនឹងលែងបានបញ្ចេញសមត្ថភាពនឹងស្នាដៃជូនបងប្អូន ប្រជាពលរដ្ឋខ្មែរទៀតហើយ សូមអ្នកទាំងអស់ ជួយshareផង ដើម្បីគាំទ្រខ្សែរភាពយន្តខ្មែរយើង»។