ភ្នំពេញ៖ វាគ្មិនដ៏ល្បីខាងបណ្តុះគំនិតយុវជនឲ្យមានភាពរឹងមាំម្ចាស់ការលើខ្លួនឯងលោកគ្រូ ឃីម សុខហេង បានចាប់ដៃគូជាមួយតារាសម្ដែងរាជនីក្រមា កញ្ញា មាន សូនីតា បានធ្វើឲ្យវេទិកា “ពិព័រណ៍ការងារ និងផលិតភាពជាតិ ធ្វើឡើងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧” មានការសាទរ យ៉ាងខ្លាំងពីសំណាក់សិស្ស និស្សិតដែលបានចូលរួមក្នុងវេទិកានេះ ។ ក្នុងវេទិកាដ៏កម្រនេះវាគ្មិនទាំងពីរបានជ្រើសរើសប្រធានបទ “វិជ្ជាសំខាន់ទាំងបួនសម្រាប់អាជីពជោគជ័យ និងផលិតភាពខ្ពស់” ដែលផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ ទៅកាន់សិស្ស និស្សិតឲ្យបានចូលរួមស្តាប់ និងបានចោទជាសំណួរទៅកាន់វាគ្មិនទាំងពីរយ៉ាងយកចិត្តទុកដាក់ផងដែរ ។ មុននឹងឈានទៅដល់ការបកស្រាយនូវប្រធានបទខាងលើ កញ្ញា មាន សូនីតា បានរៀបរាប់ពីគំនិតចាប់ផ្តើមអាជីវកម្មរបស់ខ្លួនថា ដោយសារការស្រលាញ់សិប្បកម្មតំបាញ និងការចង់កែប្រែជីវភាពបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានទីជនបទដាច់ស្រយាល កញ្ញាបានបង្កើត ផ្ទះស្រលាញ់ ដែលប្រមូលទិញក្រមាតាមបណ្តាខេត្តមួយចំនួន មកធ្វើការច្នៃប្រឌិតឲ្យបានរូបរាងជាអាវ សំពត់ និងរ៉ូបជាដើម ។ ក្នុងនៅដែរកញ្ញា មាន សូនីតា នៅលើកយកពាក្យបណ្តាំរបស់លោកគ្រូ ឃីម សុខហេង ដែលផ្តាំនាងថា “ពេលយើងធ្វើអ្វីមួយយូរគ្រប់គ្រាន់ ពិភពលោកមិនអាចបដិសេធយើងបានឡើយ” ។ បណ្តាំរបស់លោកគ្រូ ឃីម សុខហេង បានធ្វើឡើងកាលពីកញ្ញាមិនទាន់បើកអាជីវកម្មមកម៉្លេះ ហើយកញ្ញាតែងតែនៅចាំជានិច្ច ហើយក្នុងវេទិកានេះ ជាឱកាសដែលកញ្ញាបានលើកយកពាក្យសម្តីពេជ្ររបស់លោកគ្រូ ប្រាប់បន្តទៅបងប្អូនសិស្ស និស្សិត ក្នុងការត្រិះរិះពិចារណាមួយ ព្រោះកន្លងមកកញ្ញាធ្លាប់បានហែលឆ្លងឧបសគ្គជាច្រើន ប៉ុន្តែនៅតែមិនរុញរា ដោយសារបណ្តាំលោកគ្រូ ឃីម សុខហេង នេះហើយ។

បន្ទាប់ពីការរៀបរាប់ប្រវត្តិការងារអាជីវកម្មខ្លះៗរបស់តារាសម្តែង មាន សូនីតា ដែលបណ្តាលឲ្យមានភាពជោគជ័យមកដល់បច្ចុប្បន្ន លោកគ្រូ ឃីម សុខហេង បានពន្យល់យ៉ាងច្បាស់ៗពីមុខវិជ្ជាសំខាន់ៗទាំងបួនដែលនាំជីវិតបងប្អូនសិស្ស និស្សិត ទទួលបានជោគជ័យខ្ពស់ក្នុងការងារនោះគឺ៖ ទី១ វិជ្ជាស្នួល សំដៅលើមុខវិជ្ជាគោលដែលត្រូវសិក្សា ។ ឧទាហរណ៍ បើចង់ក្លាយជាគ្រូអង់គ្លេសត្រូវចេះភាសាអង់គ្លេស ។ ទី២ វិជ្ជាផ្នែកលក់ សំដៅសិស្ស និស្សិតរៀនមុខវិជ្ជាអ្វីក៏ដោយត្រូវមានជំនាញផ្នែកលក់ ព្រោះសតវត្សទី២១ ត្រូវការផ្សព្វផ្សាយលក់ផលិតផល និងសេវាកម្ម គ្រប់មធ្យោបាយដើម្បីឲ្យអតិថិជនបានស្គាល់ ដូចជា ផ្សព្វផ្សាយលក់តាមបណ្តាញសង្គម តាមវេបសាយជាដើម ។ ទី៣ វិជ្ជាទន់ គឺសំដៅលើបុគ្គលិកលក្ខណៈ ឥរិយាមារយាទ រួមទាំងការទំនាក់ទំនងផងដែរ ។ រីឯទី៤ វិជ្ជាភាពជាអ្នកដឹកនាំ គឺសំដៅលើបុគ្គលដែលមានចក្ខុវិស័យ ទស្សនវិស័យដែលមនុស្សធម្មតាមិនអាគិតទៅដល់ ។

ដោយសារលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃវិជ្ជាទាំងបួននេះហើយ បានធ្វើឲ្យអាជីវកម្មរបស់តារាសម្តែងរាជនីក្រមា មាន សូនីតា មកដល់ពេលនេះ កំពុងទទួលបានភាពជោគជ័យគួរកត់សំគាល់។ មុខវិជ្ជាទាំងបួននេះ លោកគ្រូ ឃីម សុខហេង សង្ឃឹមថា នឹងអាចជួយឲ្យបងប្អូនសិស្ស និស្សិត មានមូលដ្ឋានគ្រឹះសម្រាប់ត្រិះរិះពិចារណាក្នុងដំណើរជីវិតទៅថ្ងៃអនាគតរៀងៗខ្លួន ៕

សូមទស្សនាវីដេអូ!!