តំណាងសមាគមសិល្បៈ នាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនលោក ប្រាក់ សារួន ដែលទើបត្រលប់មកពីព្យាបាលនៅប្រទេសថៃ

0
328

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ តំណាងឲ្យ សមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចុះទៅសួរសុខទុក្ខតារាសម្តែងជើងចាស់ ប្រាក់ សារួន ក្រោយត្រលប់មកពីព្យាបាលជំងឺថ្លើម និងប្រមាត់ នៅប្រទេសថៃ។ ស្ថិតក្នុងគេហដ្ឋានផ្ទាល់របស់លោក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ប្រាក់ សារួន បានបង្ហាញថា «ខ្ញុំបានធូរស្រាលច្រើនហើយ និងមានកម្លាំងកំហែងច្រើនដែរ ខុសឆ្ងាយពីមិនទាន់បានទៅព្យាបាលនៅប្រទេសថៃ»។  

ជាមួយគ្នានោះ តំណាងសមាគមទាំង ២ បាននាំថវិកាមូលនិធិសិល្បករចាស់ជរា និងទឹកដោះគោឆៅ ជូនលោក ប្រាក់ សារួន ។ ទន្ទឹមនឹងមានទឹកមុខស្រស់បស់ឡើងវិញនោះ លោក ប្រាក់ សារួន លើកឡើងបន្តថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានតារាសម្តែងរួមជំនាន់ និងជំនាន់ក្រោយលោក ឆឹម សក្កដា មកសួរសុខទុក្ខខ្ញុំ ហើយពិសេសជាងនេះទៅទៀត សូមអរគុណ​ដល់សមាគមសិល្បៈ ដែលតែងយកចិត្តទុកដាក់លើសិល្បករសិល្បការិនីទាំងអស់ តួយ៉ាងរូបខ្ញុំបាទផ្ទាល់តែម្តង»។

សមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល ៥ឆ្នាំ។ សមាគមទាំង ២ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

Comments